ខេត្តកណ្ដាល៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ យោធភូមិភាគពិសេស បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ អន្តរជាតិ តំបន់ត្រីកោណអភិវឌ្ឍន៍ ( កម្ពុជា ឡាវ វៀតណាម) (CLV-DTA ) ការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមខ្សែបន្ទាត់ព្រំដែន តាមការអំនាវរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ ឯកឧត្តម ឧត្ដមសេនីយឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងការពារព្រំដែនលេខ ៦០១ ។
លោកវរសេនីយ៍ឯក លន់ លុច បានបញ្ជាក់ថា៖ ប្រទសកម្ពុជា បានជ្រកក្រោមម្លប់សន្តិភាព សុខដុមរមណីយកម្ម និងសុខសន្តិភាពរបស់ប្រជាជនតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃគ្មានឈប់ឈរ ។
លោកមេបញ្ជាការ បានបន្ថែមទៀតថា៖ ថ្នាក់ ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងការពារព្រំដែនលេខ ៦០១ ទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើការអនុវត្តន៍កម្មវិធីក្នុងក្របខ័ណ្ឌ តំបន់ត្រីកោណអភិវឌ្ឍន៍ (កម្ពុជា-ឡាវ-វៀតណាម) (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនោះ សំដៅជំរុញការធ្វើសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ឱ្យក្លាយជាតំបន់ព្រំដែនមិត្តភាព សាមគ្គីភាព ការអភិវឌ្ឍន៍ និងចូលរួមគាំទ្រយ៉ាងពេញទំហឹងចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមខ្សែបន្ទាត់ព្រំដែនតាមការអំនាវរបស់រាជរដ្ឋាភិបាល ។
លោកមេបញ្ជាការ បានលើកឡើងពីសភាពការណ៍ថ្មីៗ ជាតិ អន្តរជាតិ ក្នុងពេលថ្មីៗនេះ ក្រុមជ្រុលនិយមក្រៅស្រុកមួយក្តាប់តូចបានញុះញ៉ុងឲ្យធ្វើបាតុកម្មប្រឆាំងជាមួយរាជរដ្ឋាភិបាលគ្រប់រូបភាព តែត្រូវបរាជ័យ ។
លោកមេបញ្ជាការ ក៏បានលើកឡើងថា៖ យើងជាកងទ័ព ត្រូវយកចិត្តទុកដាក់ក្នុងការស្វែងយល់លើការងារសតិអារម្មណ៍ ស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជាជន ។ រក្សាសន្តិភាព ស្ថិរភាព ស្មោះត្រង់ដាច់ខាតឥតងាករ៉េជាមួយរាជរដ្ឋាភិបាលគ្រប់តំណាក់កាល ។ គោរពវិន័យ ក្រមសីលធម៌កងយោធពលខេមរភូមិន្ទ ប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ច ពង្រឹងបទវិន័យទូទៅ សណ្តាប់ធ្នាប់ ការអនុវត្តន៍បទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការ យោធភូមិភាគពិសេស បានប្រគល់ជូន ។
សូមគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (កម្ពុជា-ឡាវ-វៀតណាម) (CLV-DTA) និងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ៕