ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យ “ក១” នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ បានចាប់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំដោយចាប់យកបានថ្នាំញៀន១គីឡូក្រាមដែលច្រកចែកចេញច្រើនកញ្ចប់ទៀត។
ប្រតិបត្តិការនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១០៥ ជិតស្ថានទូតអាល្លឺម៉ង់ សង្កាត់វាលវង់ ខណ្ឌ៧មករា រួចបន្ដទៅឆែកឆេរបន្ទប់ជួលនៅជាន់ទី៣ ផ្ទះលេខ៦៩ ផ្លូវ១៧៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ្វៀង ធីវ៉ាន់ ជនជាតិវៀតណាម អាយុ៣២ឆ្នាំ មានទីលំនៅកន្លែងឃាត់ខ្លួនខាងលើ។
ក្រោយការឃាត់ខ្លួននិងឆែកឆេររួចមកកម្លាំងនគរបាលបានចាប់យកវត្ថុតាងថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់១គីឡូក្រាម ថ្នាំគ្រាប់ ប្រភេទ អិចស្ដ្រាសិ ៨កញ្ចប់ និងប្រភេទហេរ៉ូអីន ៦៥កញ្ចប់តូចផងដែរ ។
បច្ចុប្បន្នស្រី្តវៀតណាមរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួន និងភស្តុតាងទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
ដោយ៖ ប្រាថ្នា