ភ្នំពេញ ៖ តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទ ហើយបណ្តាលអោយមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក បណ្តាលអោយមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ និងចំណីអាហារ ដែលតែងតែចូលមកផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតយើងជាញឹកញាប់។
ជំងឺតេតាណូសអាចកើតឡើងចំពោះមនុស្សយើងគ្រប់វ័យ និងទៅលើសត្វពាហនៈផងដែរ។ តែបើកើតលើកូនក្មេងទើបនឹងកើតយើងច្រើនហៅថាជំងឺស្កន់ជាន់។ ដោយសារមិនបានការចាក់ថ្នាំបង្ការ ឬចាក់មិនបានគ្រប់គ្រាន់(Vaccination incomplète) ឬមិនបានចាក់ រំលឹកឡើងវិញ(Absence de rappel) និងការខ្វះអនាម័យធ្វើអោយជំងឺតេតាណូសកើតមានឡើងជាញឹកញាប់ហើយធ្ងន់ធ្ងរ ដែលបណ្តាលអោយអ្នកជំងឺស្លាប់។
១) ភ្នាក់ងារបង្ករោគ៖
មេរោគនៃជំងឺតេតាណូសឈ្មោះក្លូសទ្រីឌីយ្យូមតេតានី (Clostridium tetani ou Bacillus tetani ou Bacille de Nicolaïer) គឺជាបាក់ស៊ីក្រាំបូកមានចលនារស់នៅដោយមិនត្រូវការខ្យល់អុកស៊ីសែន។
មេរោគតេតាណូសរស់នៅក្នុងដី ក្នុងលាមកសត្វរស់នៅក្នុងប្រដាប់រំលាយអាហាររបស់ មនុស្ស និងសត្វពាហនៈដែលស៊ីស្មៅជាអាហារ។
មេរោគតេតាណូសមានទ្រង់ទ្រាយ២៖
– ទី១រូបរាងជាបាក់ស៊ី (forme végétative) ដែលយើងអាចសំលាប់ពួកវាបានដោយសារថ្នាំផ្សះ ដោយសារកំដៅ ដោយសារថ្នាំសំលាប់មេរោគជាពិសេសពពួកអាល់កាឡាំង។
– ទី២រូបរាងជាស្ព័រ (forme sporulée ) ដែលរស់នៅបានយូរឆ្នាំដែលធន់នឹងកំដៅ និងទឹកថ្នាំសំលាប់មេរោគ។
មេរោគតេតាណូសបញ្ចេញជាតិពុល២យ៉ាងទៅលើប្រព័ន្ធប្រសាទគឺ Tétanospasmine ធ្វើដំណើរតាមចរន្តឈាមនិងទឹករងៃរួចទៅភ្ជាប់និងកោសិកាប្រព័ន្ធប្រសាទរីឯ Tétanolysine ជួយសម្រួលការកើនឡើងនៃមេរោគតេតាណូស។
មេរោគនៃជំងឺតេតាណូសចូលមកក្នុងខ្លួនមនុស្សយើងតាមរយៈរបួស ដំបៅ សត្វខាំ បើទោះបីបួសនោះតិចតួចក្តី។
២) រយៈពេលបង្ករោគ៖
ចាប់តាំងពីពេលមេរោគតេណូសចូលក្នុងខ្លួនយើង តាមរយៈមុខរបួសដោយប្រការណាមួយរហូតដល់ចេញរោគសញ្ញាតេតាណូស មានរយៈពេលជាមធ្យមប្រហែលពី១០ថ្ងៃទៅ១៥ថ្ងៃ។ តែរោគសញ្ញាអាចនឹងកើតឡើងពីរយពេលតិចជាង២៤ម៉ោង ដល់ ២១ថ្ងៃ។ កាលណារោគសញ្ញាកាន់តែឆាប់កើតឡើងជំងឺតេតាណូសកាន់តែធ្ងន់ធ្ងរ។
៣) រោគសញ្ញានៃជំងឺតេតាណូសមាន៖
– ការកន្រ្ទាក់សាច់ដុំនៅលើផ្ទៃមុខធ្វើអោយ៖ ពិបាកហាមាត់((Trismus) មុខដូចស្វាសើច (rire sadonique) ពិបាកលេបទឹកមាត់ ឬចំណីអាហារ និងធ្វើអោយឈ្លក់(Dysphagie avec risque de fausse route)។
– ការកន្រ្ទាក់សាច់ដុំ និងសាច់ដុំខ្នងធ្វើអោយ៖ ក្បាលទាញមកក្រោយឆ្អឹងខ្នងកោង ផតមកមុខ (opisthotonos)។
– ការកន្រ្ទាក់សាច់ដុំនៅអវយវៈលើធ្វើអោយដៃបត់ចូលហើយរឹង។
– ការកន្រ្ទាក់សាច់ដុំនៅអវយវក្រោមធ្វើអោយជើងលាតសន្ធឹងត្រង់ហើយរឹង។
– ការកន្រ្ទាក់សាច់ដុំទ្រូងនិងសន្ទះទ្រូងធ្វើអោយអ្នកជំងឺពិបាកដកដង្ហើម។
– រោគសញ្ញាផ្សេងទៀតមានឡើងឈាម បេះដូងដើរញាប់ បែកញើសខ្លាំង ក្តៅខ្លួន។ ក្នុងករណីធ្ងន់ធ្ងរខ្លាំងបេះដូងដើរយឺត និងសម្ពាធឈាមចុះ។
– មានការកន្រ្ទាក់សាច់ដុំជាប់និងមានការឈឺចាប់ខ្លាំង។ ការកន្រ្ទាក់សាច់ដុំនេះខ្លាំងឡើងៗ នៅពេលលឺសំឡេង ពេលត្រូវពន្លឺ ឬនៅពេលគ្រូពេទ្យពិនិត្យ។
៤) វិធានការការពារ៖
ជំងឺតេតាណូសគឺជាជំងឺមួយដែលយើងទាំងអស់គ្នាអាចការពារបាន៖
– ចាក់ថ្នាំបង្ការតេតាណូស(Vaccination antitétanique) អោយបានគ្រប់គ្រាន់ និងចាក់រំលឹកឡើងវិញ។
– ក្នុងករណីមានរបួសដោយប្រការណាមួយយើង៖
• ត្រូវលាងសំអាតមុខរបួសដោយទឹកស្អាត ទឹកថ្នាំសម្លាប់មេរោគ។
• ត្រូវចាក់ Sérum antitétanique (SAT) ត្រូវចាក់ Vaccin antitétanique (VAT)។
“ជំងឺតេតាណូសតែងតែកើតឡើងចំពោះអ្នកមិនបានចាក់ថ្នាំការពារតេតាណូស អ្នកចាក់មិនបានគ្រប់គ្រាន់ អ្នកចាក់បានគ្រប់គ្រាន់តែមិនបានចាក់រំលឹកឡើងវិញ នៅពេលមានរបួសដោយប្រការណាមួយ។ ដើម្បីការពារជំងឺតេតាណូសសូមបងប្អូន ទៅចាក់ថ្នាំបង្ការនៅតាមមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតអស់លោកអ្នក។” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕