ភ្នំពេញ ៖ បន្ទាប់ពីមានការចោទប្រកាន់ជាច្រើនអំពីខ្សែបន្ទាត់ព្រំដែនកម្ពុជាខុសពីខ្សែបន្ទាត់ព្រំដែននៅក្នុង Google Map ក៏មានការបកស្រាយជាបន្តបន្ទាប់ជុំវិញបញ្ហានេះ ជាពិសេសពីអ្នកជំនាញខាងកិច្ចការព្រំដែនកម្ពុជា។
ជាក់ស្តែងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោក សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ការផ្ទៀងផ្ទាត់ខ្សែបន្ទាត់ព្រំដែនអន្តរជាតិដោយយក Google Map ជាគោល គឺមិនខុសពីសរសេរអត្ថបទស្រាវជ្រាវដោយយក Wikipedia ជាឯកសារយោងនោះទេ។
ជាមួយគ្នានោះដែរ លោក ក៏បានគូសបញ្ជាក់ផងដែរថា លទ្ធផលនៃការយក Google Map មកធ្វើជាគោលក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនបានធ្វើឱ្យ កាលពីឆ្នាំ២០១០ កងទ័ព Nicaragua បានចូលឈ្លានពានទឹកដីរបស់ Costa Rica ដោយសំអាងលើខ្សែបន្ទាត់ព្រំដែនលើ Google Map។ ក្រោយមក Google បានទទួលស្គាល់ថា ខ្សែបន្ទាត់ព្រំដែនដែលខ្លួនគូស គឺមិនត្រឹមត្រូវដោយទម្លាក់កំហុសលើក្រសួងការបរទេសអាមេរិកថា ជាអ្នកផ្តល់ទិន្នន័យមិនត្រឹមត្រូវ។
ទន្ទឹមនឹងនេះដែរ លោក សេង ឌីណា ក៏បានគូសរំលេចថា នៅឆ្នាំ២០១០ Google Map ក៏បានគូសខ្សែបន្ទាត់ព្រំដែនដោយដាក់ប្រាសាទព្រះវិហាររបស់ខ្មែរទៅក្នុងទឹកដីថៃផងដែរ៕