ប្រធានាធិបតីពូទីនទៅដល់ម៉ុងហ្គោលី ដោយមិនមានការចាប់ខ្លួនតាមដីការបស់ ICC

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថាក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា បរាជ័យរបស់ម៉ុងហ្គោលី ក្នុងការចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន តាមដីកាចាប់ខ្លួនអន្តរជាតិ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធច្បាប់ព្រហ្មទណ្ឌរបស់អន្តរជាតិ។

លោក ពូទីន កាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា បានធ្វើដំណើរទៅដល់ប្រទេសម៉ុងហ្គោលី ជាទីដែលលោកត្រូវបានរំពឹងថានឹងពិភាក្សាជាមួយមេដឹកនាំម៉ុងហ្គោលីពីគម្រោងបំពង់ឧស្ម័នថ្មីមួយដែលតភ្ជាប់រវាងរុស្ស៉ី និងចិន។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីឆ្នាំ២០២៣ ដោយចោទថា មេដឹកនាំរុស្ស៉ី រូបនេះពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ តាមរយៈដីកានេះ ប្រទេសជាសមាជិក ICC ទាំង១២៤ ក្នុងនោះរួមមានទាំងម៉ុងហ្គោលី មានកាតព្វកិច្ចត្រូវចាប់ខ្លួនលោក ពូទីន បញ្ជូនទៅកាន់ទីក្រុងឡាអេ ដើម្បីទទួលការជំនុំជម្រះ ក្នុងករណីលោក ពូទីន យកជើងជាន់លើទឹកដីរបស់ពួកគេ។
ប៉ុន្តែ ម៉ុងហ្គោលី មិនបានអនុវត្តតាមដីកាចាប់ខ្លួននេះទេ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhiy Tykhyi បាននិយាយថាបរាជ័យរបស់ម៉ុងហ្គោលី ក្នុងការចាប់ខ្លួនលោក ពូទីន បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ និងប្រព័ន្ធច្បាប់ព្រហ្មទណ្ឌ។ អ្នកនាំពាក្យរូបនេះបានលើកឡើងដូច្នេះថា « ម៉ុងហ្គោលីបានអនុញ្ញាតឱ្យឧក្រិដ្ឋជនជាប់ចោទម្នាក់រួចផុតពីសំណាញ់ច្បាប់ ដែលនេះជាទង្វើចូលរួមចំណែកទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្រ្គាមដែលបានកើតឡើង»។
កាលពីសប្ដាហ៍មុន អ៊ុយក្រែនបានជំរុញឱ្យម៉ុងហ្គោលី ចាប់ខ្លួនលោក ពូទីន តាមដីកា ICC។ តែខាងវិមានក្រឹមឡាំង បាននិយាយថា ទីក្រុងមូស្គូ មិនមានការព្រួយបារម្ភអ្វីទេចំពោះសកម្មភាពពាក់ព័ន្ធនឹងដីកានេះ ដោយបញ្ជាក់ថា រុស្ស៉ីបានពិភាក្សាជាមួយម៉ុងហ្គោលីរួចហើយ៕ ដោយធីរីណា

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print