ភ្នំពេញ ៖ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវិដ្ដី Newsweek ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្តី Newsweek បាន ចាប់អារម្មណ៍ចំពោះការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពនៅកម្ពុជា ក៏ដូចជាភាព រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ព្រមទាំងបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងរយៈពេល១ឆ្នាំ រួមមានជាអាទិ៍៖ ការកសាងអាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ ការបើកការដ្ឋានសាង់សង់ព្រែកជីកហ្វូណនតេជោ និងការកែលម្អបរិយាកាសវិនិយោគឱ្យកាន់ តែល្អប្រសើរនៅកម្ពុជា។ លោក Lucius Daniels ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា ទស្សនាវដ្ដី Newsweek មានគោលបំណងជួយផ្សព្វផ្សាយអំពីសមិទ្ធផល សក្តានុពល និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ទៅកាន់ពិភពលោក។
សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយ និងអរគុណចំពោះទស្សនាវដ្ដី Newsweek ដែលបាន ចាប់អារម្មណ៍ក្នុងការជួយផ្សព្វផ្សាយអំពីទិដ្ឋភាពជាក់ស្តែង និងសក្តានុពលកម្ពុជា ប្រកបដោយតុល្យភាពទៅកាន់ ពិភពលោក និងបានលើកទឹកចិត្តឱ្យផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា ដើម្បីទទួលបានព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោក។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកម្មវិធីគោលនយោបាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពនិងសុខុមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈការធានាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ និងការកសាងមូលធនមនុស្ស ការកែទម្រង់ប្រព័ន្ធអប់រំ និងលើកកម្ពស់វិស័យសុខាភិបាល ក៏ដូចជាការធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរ និងប្រកបដោយភាពទាក់ទាញ៕