អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា ៖ ប្រជាជនលាំងជាហឺរស់នៅក្នុងលក្ខណៈមនុស្សសម័យដើម ដោយរស់នៅក្នុងរូងភ្នំយ៉ាវ។ ក្នុងរូងភ្នំយ៉ាវ មិនត្រឹមតែមានចៃឆ្កែ សត្វល្អិត សត្វស្អុយ និងកណ្ដុរប៉ុណ្ណោះទេ ជួលកាលក៏មានខ្យាដំរី ហើយថែមទាំងមានពស់ថែមទៀត។
នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានមកពីកាសែត”ស្ដាឌីថាមស៍” លោកចាវហួអាន ដែលជាមិត្តរួមសាលានៃវិទ្យាល័យប៉ាអ៊ីក្រុងប៉េកាំងរបស់លោកស៊ីជីនភីង និងជាយុវជនដែលមានចំណេះដឹងរស់នៅក្នុងក្រុមផលិតកម្មទី ១ នៃភូមិលាំងជាហឺ បាននិយាយថា ក្នុងយប់មួយភ្លៀងធ្លាក់ខ្លាំង កូនប្រុសម្ចាស់ផ្ទះបានមកប្រាប់គាត់ថា មានពស់មួយក្បាលបានចូលមកក្នុងផ្ទះ។ លោកចាវហួអានបានរត់ទៅ មើលឃើញទិដ្ឋភាពគួរឱ្យខ្លាច៖ ពស់នោះដេកលើគ្រែធ្វើពីដីរបស់ម្ចាស់ផ្ទះ លើដងខ្លួនពស់មានឆ្នូតពណ៌ក្រហម កំពុងតែលៀនអណ្តាត។ ម្ចាស់ផ្ទះនិងប្រពន្ធរបស់គាត់ភ័យខ្លាចខ្លាំង ដោយលាក់ខ្លួននៅពីក្រោយចង្ក្រាន មិនដឹងថាត្រូវធ្វើអ្វី។ លោកចាវហួអានបានយកភួយគ្របពីលើពស់ហើយត្រៀមវាយសម្លាប់វា។ ម្ចាស់ផ្ទះបាននិយាយថា ពស់គឺជាសត្វមានវិញ្ញាណ លែងឱ្យវាចេញទៅ។ លោកចាវហួអាន បានដើរកាត់ផ្លូវយ៉ាងឆ្ងាយទាំងមេឃកំពុងភ្លៀង ហើយក៏លែងសត្វពស់នោះទៅក្នុងប្រឡាយមួយ។
គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ ការកែច្នៃគ្រាប់ធញ្ញជាតិក៏មានលក្ខណៈបុរាណដែរ ដោយប្រើថ្មកិនស្រូវទៅជាម្សៅ និងថ្មកិនស្រូវទៅជាគ្រាប់តូចៗ។ ឧទាហរណ៍ ពេលកែច្នៃពោតប្រើថ្មកិន កិនពោតទៅជាគ្រាប់តូចៗដើម្បីដាំបបរ កិនពោតទៅជាម្សៅដើម្បីធ្វើនំប៉ាវ។ ទោះបីជាប្រើសត្វលាសម្រាប់អូសថ្មកិនស្រូវក៏ដោយ ប៉ុន្តែ ការកែច្នៃម្តងៗ ត្រូវការពេលវេលាយូរ។ យុវជនដែលមានចំណេះដឹងមានការលំបាកក្នុងការកិនស្រូវ ពួកគេក៏ញ៉ាំអង្ករតូចដែលមិនទាន់បានកែច្នៃ រួចយកពោត កិនទៅជាគ្រាប់តូចៗដាំបបរ ហើយចុងក្រោយទើបញ៉ាំស្រូវសាលី ពីព្រោះការកែច្នៃស្រូវសាលីពិបាកជាងគេ។
ឧបករណ៍ពលកម្មនិងវិធីសាស្រ្តផលិតកម្មក៏មានលក្ខណៈបុរាណផងដែរ។ ទោះបីជាធ្លាប់បានប្រើឧបករណ៍កសិកម្មសាមញ្ញមួយចំនួននៅពេលចូលរៀននៅទីក្រុងប៉េកាំងក្តី ក៏ឧបករណ៍ពលកម្មនៅភាគខាងជើងស្រាន់ស៊ីនៅតែធ្វើឱ្យយុវជនមានចំណេះដឹងមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។ ចបគាស់ដីដែលប្រើនៅភូមិលាំងជាហឺ ធំជាងចបដែលពួកគេធ្លាប់បានឃើញពីមុនមកទៅទៀត។ ចបប្រភេទនេះមានមាត់ធំទូលាយ អាចគាស់ដីច្រើន តែក៏កាន់តែត្រូវការកម្លាំងផងដែរ។ ដងរែកនៅភាគខាងជើងខេត្តស្រាន់ស៊ី ធ្វើពីឈើរឹង គ្មានភាពយឺត។ ដើម្បីបងា្ករកុំឱ្យបាក់ ឈើខ្លីមួយត្រូវបានគេដាក់នៅកណ្តាលដងរែកដើម្បីទប់វា។ នៅពេលប្រើដងរែកនេះ វាសង្កត់យ៉ាងតឹងនៅលើស្មា ហើយងាយធ្វើឱ្យរលាត់ស្បែក។ នៅក្នុងក្រសែភ្នែករបស់យុវជនដែលមានចំណេះដឹង ហេតុផលមួយក្នុងចំណោមហេតុផលដែលបណ្តាលឱ្យទិន្នផលស្បៀងទាប គឺ ការសាបគ្រាប់ពូជធ្វើដោយកម្លាំងមនុស្ស ។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ភូមិលាំងជាហឺក៏ក្រីក្រណាស់ដែរ ! អ្នកខ្លះមានសម្លៀកបំពាក់តែមួយឈុតសម្រាប់ពាក់ពេញមួយឆ្នាំ។ នៅពេលធាតុអាកាស ត្រជាក់ ពួកគេដេរសំឡីនៅខាងក្នុង ពេលធាតុអាកាសក្តៅហើយ ក៏ដកយកសំឡីចេញ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ដោយគ្មានស្បៀងគ្រប់គ្រាន់ អ្នកខ្លះកិនពុទ្រាដែលមានគុណភាពអន់ទៅជាម្សៅ ហើយលាយវាជាមួយម្សៅពោតធ្វើជានំ។ អាហារប្រភេទនេះពិបាករំលាយ និងងាយធ្វើឱ្យទល់លាមក។ ដូច្នេះក៏មានពាក្យថា ”អ្នកដែលរកអាហារ និងអ្នកដែលដើរសុំទាន ពួកគេបន្ទោបង់ទាំងស្នូល
ពុទ្រា”។ ដើម្បីឆ្លើយតបនឹងកង្វះខាតខាងស្បៀងអាហារ ប្រជាជនបរិភោគអាហាររាវពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹកនិងពេលល្ងាច ហើយបរិភោគអាហារស្ងួតនៅថ្ងៃត្រង់ ដើម្បីបំពេញបន្ថែមថាមពលដែលចំណាយក្នុងពលកម្ម។ ប៉ុន្តែមានអ្នកខ្លះតែងតែឃ្លានខ្លាំងមុនពេលពេលចូលគេងពេលយប់។ មានអ្នកខ្លះដាក់អំបិលក្នុងទឹកហើយផឹករួចចូលគេងភ្លាមៗ នៅពេលពោះរីកពេញ។
ប្រេងដែលអាចបរិភោគបាន គឺប្រេងល្ងដែលដាំចេញពីគ្រាប់ល្ង។ នៅពេលឆាម្ហូប ដាក់ប៉ុន្មានតំណក់ចូល។ នៅពេលដែលគ្មានប្រេង គេយកគ្រាប់អាល់ម៉ុន ឆាក្នុងខ្ទះក្តៅដើម្បីឱ្យមានមានក្លិនប្រេង។ ធម្មជាតិពិតជាឃោរឃៅធ្វើឱ្យមនុស្សកោតខ្លាច។ នៅតំបន់ភាគខាងជើងខេត្តស្រាន់ស៊ីរាំងស្ងួតខ្វះភ្លៀង ដីគ្មានជីវជាតិ។ បទចម្រៀងប្រជាប្រិយដែលច្រៀងតៗគ្នាក្រោមចំណងជើងថា “បួងសួងសុំទឹកភ្លៀង” បានបង្ហាញពីការទាល់គំនិតរបស់ប្រជាជន៖
ប្រឡាយនិងស្ទឹងតូចៗលែងមានទឹកហូរ
ជួរភ្នំកំពុងឆាបឆេះ សំណាបត្រូវហាលខ្លោច។
គេហទំព័រ «CCFR China state-controlled media » ថា៖ ព្រះអម្ចាស់ស្ដេចនាគ សូមបង្អុរទឹកភ្លៀងមក!
ព្រះអម្ចាស់ស្ដេចនាគ សូមជួយសង្គ្រោះប្រជាជនផង!
ប្រាសាទតូចនៅក្នុងភូមិនេះ ត្រូវបានកម្ទេចចោលនៅក្នុងចលនា”លុបបំបាត់ប្រពៃណីបួន” ប៉ុន្តែនៅពេលមានគ្រោះរាំងស្ងួត ប្រជាជននៅតែនាំគ្នាលួចទៅគោរពបូជា។ វត្ថុបូជាដែលបានថ្វាយជូនស្តេចនាគ គឺសាច់មាន់ស្គមស្គាំងមួយក្បាល ឬក៏លុយមួយឬពីរកាក់។
គេហទំព័រ «CCFR China state-controlled media » លើកថា ៖ នៅតំបន់ភាគខាងជើងខេត្តស្រាន់ស៊ីមានពាក្យមួយម៉ាត់ថា “ឆ្អែតផ្លុំនិងឃ្លានច្រៀង”។ បន្ទាប់ពីពលកម្ម អ្នកដែលស្រេកឃ្លាននឹងច្រៀងចំរៀងសោកសៅ។ ក្រោយពីចម្រៀងសោកសៅត្រូវបានគេនិយាយថា ជារបស់ពុករលួយនិងមិនអនុញ្ញាតឱ្យច្រៀងទៀត ពួកគេក៏ច្រៀងចម្រៀងបដិវត្តន៍វិញ។
ប្រជាជននៅភាគខាងជើងស្រាន់ស៊ី ហៅខ្លួនឯងថាជាអ្នករងទុក្ខវេទនា។ ការរស់រានមានជីវិតក្នុងតំបន់ភ្នំដែលពាសពេញទៅដោយជ្រលងភ្នំ គឺជាអច្ឆរិយៈមួយ។
ប្រជាជនលាំងជាហឺ រស់នៅតាមរបៀបនេះ ដូចជាដើមឈើដែលដុះឫសនៅតាមជ្រលងភ្នំភាគខាងជើងស្រាន់ស៊ី។ វាចាក់ឫសទៅក្នុងដី មែកបែរទៅរកមេឃ តស៊ូរស់លូតលាស់ទៅមុខ ៕