បើទោះបីជាមីយ៉ាន់ម៉ាបានបង្ហាញនូវគោលនយោបាយដែលគេរង់ចាំជាយូរមក ហើយក៏ដោយនោះក៏ការព្រួយបារម្ភរបស់សហគមន៍ពាណិជ្ជកម្មមិនទាន់បានបញ្ចប់នៅឡើយដែរ។
លោក Maung Maung Lay អនុប្រធានសហព័ន្ធនៃសភាពាណិជ្ជកម្មមីយ៉ាន់ម៉ា និងជានាយកគ្រប់គ្រងក្រុមហ៊ុន Ni Lay Naing Co. បានទាមទារឱ្យមានការបញ្ជាក់ពីភាពលម្អិតរបស់គោលនយោបាយនេះបន្ថែមទៀត។
លោកបានបញ្ជាក់ថា យើងចង់ដឹងពីភាពលំអិតបន្ថែមទៀតចំពោះគោលនយោបាយនេះ។ គ្រប់ៗគ្នាចង់បាននូវការធានាចំពោះប្រាក់ចំណេញ។ វាគួរតែត្រូវបានបញ្ជាក់ យឺតប្រសើរជាងមិនបានបញ្ជាក់ទាល់តែសោះ។
យើងចាំបាច់ត្រូវតែសម្រេចចិត្តថាតើយុទ្ធសាស្ត្រមួយណាដែលយើងត្រូវលេងនៅក្នុងទីផ្សារនេះ? បើគ្មានគោលនយោ បាយរឹងមាំងទេយើងមិនដឹងថាតើត្រូវលេងដោយរបៀបណានោះទេ។
គោលនយោបាយនេះត្រូវបានប្រកាស ជាច្រើនខែបន្ទាប់ពីរដ្ឋាភិបាលថ្មីបានចូលកាន់តំណែងកាលពីខែមេសា។
លោក Maung Maung Lay បានជំរុញរដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ទៅលើការទទួលបាននូវមូលនិធិរបស់ក្រុមហ៊ុនដែលដំណើរការនៅក្នុងវិស័យអាទិភាពសំខាន់ៗជាច្រើនដូចជា កសិពាណិជ្ជកម្ម ឧស្សាហ កម្ម និងបសុសត្វជាដើម។
វិស័យដែលត្រូវការយកចិត្តទុកដាក់ ផ្សេងទៀតគឺរបៀបដែលត្រូវបង្កើនចំណូលនាំចេញរបស់ជាតិ ការបង្កើនផលិតផល និងការស្វែងរកទីផ្សារថ្មីៗដើម្បីពង្រីកពាណិជ្ជ កម្ម។
គោលនយោបាយទាំងនោះចាំបាច់ត្រូវតែបង្ហាញពីឆន្ទៈនយោបាយរបស់រដ្ឋាភិបាលព្រមទាំងការពារផលប្រយោជន៍របស់ភាគីដែលជាប់ពាក់ព័ន្ធ។
យើងចាំបាច់ត្រូវការកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីទាំងអស់។ ករណីនេះរដ្ឋាភិបាលគួរតែលើកកម្ពស់តម្លាភាព។
លោកបានបន្ថែមទៀតថា ខ្ញុំបានឮថា សារព័ត៌មានជាច្រើនមិនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ព្រឹត្តិការណ៍ស្តីពីការដាក់ចេញនូវគោលនយោបាយរបស់រដ្ឋាភិបាលទេ។ អាជ្ញាធរគួរតែដឹងថា សារព័ត៌មាន មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនិងពាំនាំពាក្យនៅក្នុងព្រឹត្តិការណ៍នេះ។
មានតែសារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋ និងទូរទស្សន៍ Skynet ដែលជិតស្និទ្ធនឹងរដ្ឋាភិបាលប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យ ចូលរួមក្នុងព្រឹត្តិការណ៍នេះពោលគឺនៅពេល ដែលលោកស្រី Aung San Suu Kyi ថ្លែង សុន្ទរកថាបើកកម្មវិធី។
លោក Soe Tun អនុប្រធានសហព័ន្ធស្រូវរបស់មីយ៉ាន់ម៉ា និងនាយកប្រតិបត្តិនៃការគ្រប់គ្រងការដាក់បង្ហាញរថយន្តបាន ឱ្យដឹងថា គោលនយោបាយនេះមិនអាច បង្ហាញពិតប្រាកដនូវអ្វីដែលរដ្ឋាភិបាលកំពុងតែឆ្ពោះទៅរកបាននោះទេ។
លោកបានបន្ថែមទៀតថា អ្នករាល់គ្នាចាំបាច់ត្រូវតែរងចាំមើលតើគោលនយោបាយអ្វីដែលត្រូវបានផ្តល់នូវអាទិភាព? អំឡុងពេលនេះពាណិជ្ជករត្រូវរង់ចាំបន្តិចសិនមុនពេលដែលធ្វើការវិនិយោគ។
លោក George Soe Win អ្នកសេដ្ឋ កិច្ចបានមានប្រសាសន៍ថា លោកមានមន្ទិលចំពោះប្រសិទ្ធភាពនៃគម្រោងគោលនយោបាយនេះ។
ភាគច្រើននៃគោលនយោបាយទាំងនោះគឺមិនមែនថ្មីទេ។ យើងមិនអាចស្វែង រកគម្រោងជាក់លាក់ណាមួយសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចនោះទេ។លោកបានបន្ថែមទៀតថា យើងចាំបាច់ត្រូវការយុទ្ធសាស្ត្រជាក់លាក់សម្រាប់ជំរុញវិស័យនេះ។
លោកបានកត់សម្គាល់ថា លោក Kyaw Win រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងផែនការបានពិភាក្សាគ្នាអំពីគម្រោងផែនការចូលទៅ កាន់មូលនិធិរបស់សហគ្រាសធុនតូចនិងមធ្យមប៉ុន្តែមកដល់ពេលនេះមិនទាន់មានការផ្លាស់ប្តូរណាមួយនៅឡើយទេ៕
ដោយ៖ រ័ត្ន