ភ្នំពេញ ៖ រាជរដ្ឋាភិបាលកំពុងបណ្តុះយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ នេះគឺជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ពាក្យថាមូលធនមនុស្សមានអត្ថន័យជ្រាលជ្រៅពោលគឺ យុវជនមិនត្រឹមតែមានចំណេះជំនាញយ៉ាងតិចមួយក្នុងជីវិតនិងមានសីលធម៌ល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវ បណ្តុះមោទនភាពជាតិក្នុងខ្លួនផងដែរ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់បាន ហើយបំណងនេះឆ្លុះបញ្ចាំងតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលមានមុំទី១ និយាយអំពីការកសាងមូលធនមនុស្ស។
ក្នុងន័យនេះ លោក ប៉ែន បូណា បានថ្លែងលើកទឹកចិត្តឱ្យយុវជនខិតខំស្រវាស្រទេញដើម្បីក្រេបយកចំណេះជំនាញឱ្យច្បាស់លាស់យ៉ាងតិចមួយ និងត្រូវធ្វើខ្លួនជាមនុស្សដែលប្រកបដោយសីលធម៌ ថ្លៃថ្នូរ និងមានមោទនភាពជាតិហើយជ្រោងទង់តំណាងឱ្យជាតិជានិច្ច។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា មោទនភាពជាតិគឺ ទៅដល់ទីណាត្រូវផ្សព្វផ្សាយអំពីរូបភាពល្អៗ និងវិជ្ជមានពីប្រទេសរបស់ខ្លួននៅទីនោះ ក្នុងន័យលើកតម្កើងតម្លៃជាតិ ក៏ដូចជាទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេស ពោលគឺមិនមែនទៅដល់ទីណាបំផ្លាញកិត្តិយសជាតិនៅទីនោះដូចដែលក្រុមជ្រុលនិយមមួយក្តាប់តូចបានធ្វើនោះឡើយ។
សូមបញ្ជាក់ថា បាឋកថានេះក៏មាន លោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាវាគ្មិនផងដែរ និងដោយមាន លោកសាស្រ្តាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ ជាគណៈអធិបតី ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពី សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណ ២៥០អង្គ/នាក់៕