ទីក្រុងផតវីឡា ប្រទេសវ៉ានូអាទូ ៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងលោកស្រី មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីអគ្គលេខាធិការដ្ឋានសភា បានអញ្ជើញចូលរួមនៅក្នុងវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៨ ស្តីពីសុខភាព (APPFGH8) ក្រោមមូលបទ ធនធានមនុស្សសុខាភិបាល ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
វេទិកានេះ មានគោលបំណង ។
(ទី១) ផ្តល់ឱកាសដល់សមាជិក សមាជិកាសភា ដៃគូអន្តរជាតិក្នុងការផ្លាស់ប្តូរគំនិត បង្កើន ឆន្ទៈនយោបាយ ពង្រឹងសមត្ថភាព និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់អាទិភាពក្នុងវិស័យសុខាភិបាលប្រកបដោយចីរភាព ។
(ទី២) លើកកម្ពស់ការយល់ដឹង និងការតស៊ូមតិដើម្បីសុខភាព ។
(ទី៣) លើកទឹកចិត្តដល់ការបែងចែងធនធានថវិកា សម្ភារៈនិងបច្ចេកទេសឱ្យបានកាន់តែច្រើនឡើង ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព លើវិស័យសុខាភិបាល ។
និង(ទី៤) ពង្រីកវិសាលភាពនៃវេទិកាផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងបញ្ហាសុខភាព។
គួឱ្យកត់សម្គាល់ផងដែរថា ធនធានមនុស្សសុខាភិបាលដែលដំណើរការបានល្អគឺមានសារៈសំខាន់ណាស់សម្រាប់ជាជំនួយដល់ប្រព័ន្ធសុខភាពដ៏រឹងមាំ និងសម្រាប់ផ្តល់ការថែទាំសុខភាពប្រជាជនជាបន្តបន្ទាប់ ដែលអាចដោះស្រាយបញ្ហាប្រឈមមួយចំនួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាអាទិ៍ ជំងឺមិនឆ្លង ប្រជាជនវ័យចំណាស់ និងប្រជាជនដែលរស់នៅតំបន់ដាច់ស្រយាលជាដើម។
វេទិកានេះបានចាប់ផ្តើមដោយមានការចូលរួមបើកអង្គពិធីដោយ ឯកឧត្តម Seoule Simeon ប្រធានសភានៃសាធារណរដ្ឋវ៉ានូអាទូ និងជាប្រធានកិច្ចប្រជុំ APPFGH លើកទី៨ផងដែរ ៕