សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីជិត ២ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ​ជូនសិស្ស​មេធាវី និងសិក្ខាកាមមេធាវីសរុប ១,៦៦០រូប។

បេីតាមការ​បញ្ជាក់ពី​លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានឱ្យដឹងថា សិស្ស និងសិក្ខាកាមដែលទទួលវិញ្ញាបនបត្រនេះ រួមមានសិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី១៩ និងសិក្ខាសុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គទី៣ ដល់វគ្គទី១៦។​ វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ្យ និងសេរីដែលចូលរួមបំរើវិស័យយុត្តិធម៌។ វិជ្ជាជីវៈ​មេធាវីប្រព្រឹត្តទៅបានតែក្នុងក្របខ័ណ្ឌនៃគណៈមធាវី។

មេធាវីអាចតំណាងកូនក្តីតាមការយល់ព្រមពីកូនក្តី ឬជួយការពារកូនក្ដីនៅគ្រប់ សាលា ជម្រះក្តី និងគ្រប់ដំណាក់កាលនៃនីតិវិធីលើកលែងតែមាន​បទបញ្ញត្តិ​ច្បាប់​ចែងផ្ទុយពីនេះ ជាពិសេស ក្នុងរឿង រដ្ឋប្បវេណី ពាណិជ្ជកម្ម រដ្ឋបាល ការងារ សង្គមកិច្ច។

ក្នុងរឿងព្រហ្មទណ្ឌ មេធាវីជួយការពារជនជាប់ចោទ ហើយមិនអាចតំណាងជន​ជាប់ចោទបានឡើយ លើកលែងតែក្នុងករណីអនុវត្តបទបញ្ញត្តិពិសេសនៃច្បាប់ មេធាវីអាចតំណាង អ្នកទទួលខុសត្រូវក្នុងបទរដ្ឋប្បវេណ និងដើមបណ្តឹងរដ្ឋប្ប​វេណីបាន។ មេធាវីអាចជួយការពារកូនក្តីបានដែរនៅចំពោះមុខក្រុមប្រឹក្សា​វិន័យ។

មេធាវីផ្តល់យោបល់ និងតាក់តែងលិខិតស្នាមផ្សេងៗក្នុងវិស័យគតិយុត្ត។​ មេធាវីអាចត្រូវបានចាត់តាំងដោយគូក្ដី ឬចៅក្រមឱ្យបំពេញមុខងារជាអ្នកផ្សះ​ផ្សា ឬជាអ្នកសម្រុះសម្រួល។ មេធាវីនឹងអាចត្រូវបានចាត់តាំងជាអាជ្ញាកណ្តាល​បាន លុះត្រាតែមានច្បាប់អនុញ្ញាត។

ក្រៅពីមេធាវីដែលជាសមាជិកនៃគណៈមេធាវី គ្មានជនណាម្នាក់​អាចប្រកប​មុខ​របរយកកម្រៃក្នុងការពិគ្រោះច្បាប់ ឬតាក់តែងលិខិតស្នាមគតិយុត្តបានឡើយ លើកលែងតែការពិគ្រោះច្បាប់ ឬការតាក់តែងលិខិតស្នាមនោះជាការងារ​បន្ទាប់​បន្សំនៃមុខរបររបស់ខ្លួន ឬជាមុខងារដែលច្បាប់បានអនុញ្ញាត។

វិជ្ជាជីវៈមេធាវី បានបង្ហាញវត្តមាននៅក្នុងសង្គមកម្ពុជា តាំងពីសម័យអាណា​និគម​និយមបារាំង តាមរយៈព្រះរាជប្រកាសលេខ៣២ ចុះថ្ងៃ១៥ ខែមីនា ឆ្នាំ១៩៣២ បានណែនាំឱ្យប្រទេសកម្ពុជាស្គាល់នូវ «ស្មាក្តី» និងអ្នកដែលអនុវត្តវិជ្ជាជីវៈនេះ ត្រូវបានហៅថា «អ្នកថណាយក្តី»។

វិជ្ជាជីវៈមេធាវីបានអវត្តមានមួយរយៈ ដោយសារប្រទេសកម្ពុជាបានឆ្លងកាត់​សង្គ្រាម​អូសបន្លាយជាច្រើនទសវត្សរ៍។ វិជ្ជាជីវៈនេះមានវត្តមានជាថ្មី នៅអំឡុង​ឆ្នាំ​១៩៩២ ដោយក្នុងសម័យនោះ មានបញ្ញត្តិច្បាប់មួយចំនួនដែលកំណត់​អំពី​សិទ្ធិ​របស់មេធាវី ដូចជាមាត្រា៨៥ នៃរដ្ឋធម្មនុញ្ញ សាធារណរដ្ឋប្រជាមានិត​កម្ពុជា ឬមាត្រា៧ នៃបទប្បញ្ញត្តិស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិ​វិធីព្រហ្មទណ្ឌសម្រាប់ការអនុវត្តនៅក្នុងកម្ពុជាក្នុងសម័យអន្តរកាល ប៉ុន្តែមិន​មាន​ច្បាប់គ្រប់គ្រងវិជ្ជាជីវៈមេធាវីនោះទេ ហើយជាក់ស្ដែងក៏ពុំទាន់មានវត្តមាន​មេធាវីផង​ដែរ។

នៅក្រោយការបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ ពោលគឺនៅឆ្នាំ១៩៩៥ គណៈ​មេធាវីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតជាផ្លូវការ ដោយអនុលោម​តាម​ច្បាប់​ស្តីពីលក្ខន្តិកៈមេធាវី ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៩៥ ច្បាប់នេះបានទុក​សិទ្ធិឱ្យក្រុមប្រឹក្សាគណៈមេធាវី ធ្វើការបំពេញបន្ថែមនូវអត្ថបទ ក្រោមច្បាប់ សម្រាប់​គ្រប់គ្រងការអនុវត្តវិជ្ជាជីវៈនេះ។

កិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាគណៈមេធាវី បានអនុម័តបទបញ្ជាផ្ទៃក្នុង​គណៈ​មេធាវី និងក្រមសីលធម៌មេធាវី ហើយសេចក្តីសម្រេចនានាដែល មានលក្ខណៈ​ជា​បទបញ្ជា ក៏ត្រូវបានចេញជាបន្តបន្ទាប់ ដែលមានលក្ខណៈវឌ្ឍនភាព​ទៅ​តាមសម័យកាល សម្រាប់ជាវិធានគ្រប់គ្រងវិជ្ជាជីវៈមេធាវី ដោយចូលរួមចំណែក​ធ្វើយ៉ាង​ណាឱ្យវិជ្ជាជីវៈមួយនេះ មានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងមាន​តម្លៃក្នុងសង្គម ក្រោមមូលបទ «វិជ្ជាជីវៈ មេធាវី និងយុត្តិធម៌សង្គម» ប្រកប​ដោយ​អន្ត​រានិស្សរភាព និងកាលានុវត្តភាព។

គណៈមេធាវី ដឹកនាំដោយប្រធានមួយរូប និងបច្ចុប្បន្នគ្រប់គ្រងដោយក្រុមប្រឹក្សា​គណៈ​មេធាវីចំនួន៣៣រូប។ ប្រធានគណៈមេធាវី ត្រូវបានបោះឆ្នោតជ្រើស​តាំង​សម្រាប់​អាណត្តិ២ឆ្នាំ ហើយអាចត្រូវបន្តបានតែម្តងគត់ដោយវិធីបោះឆ្នោត។

សមាជិកក្រុមប្រឹក្សាគណៈមេធាវី ត្រូវបានបោះឆ្នោតជ្រើសតាំងសម្រាប់​អាណត្តិ​៣​ឆ្នាំ។ អាណត្តិនេះ អាចបន្តទៀតបាន ប៉ុន្តែមិនអាចបន្តភ្ជាប់ពីចប់អាណត្តិភ្លាម​នោះទេ។

ចាប់តាំងពីការចាប់ផ្តើមដំណើរការគណៈមេធាវីនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ​១៩៩៥ រហូតមកទល់បច្ចុប្បន្ន គណៈមេធាវីបានរៀបចំបោះឆ្នោតជ្រើសតាំង​ប្រធាន​គណៈមេធាវីបានចំនួន១៤អាណត្តិ និងក្រុមប្រឹក្សាគណៈមេធាវី បាន​ចំនួន១០អាណត្តិ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានអគ្គលេខាធិការដ្ឋាន​ជាសេនា​ធិការ។ អគ្គលេខាធិការដ្ឋានដឹកនាំ ដោយអគ្គលេខាធិការមួយរូប និងមានអគ្គ​លេខា​ធិការរងមួយរូប ព្រមទាំងមាននាយកដ្ឋានចំណុះចំនួន៦ បែងចែកជា ១១ការិយាល័យ និង៥គណៈកម្មការជំនាញ ដែលមានបុគ្គលិកសរុប​ចំនួន​៤៤រូប បុគ្គលិកស្ម័គ្រចិត្តចំនួន១៧រូប និង ទីប្រឹក្សាចំនួន១០រូប។

គណៈមេធាវីក៏មានការិយាល័យប្រតិភូគណៈមេធាវីប្រចាំរាជធានី ខេត្ត សាលា​ឧទ្ធរណ៍តំបន់ និងសាលាឧទ្ធរណ៍ភ្នំពេញ និងតុលាការកំពូល សរុប៣០​ការិយា​ល័យ​ប្រតិភូ មានប្រតិភូគណៈមេធាវីចំនួន២៧រូប លេខាប្រតិភូ៣០រូប និងអ្នក​ស្ម័គ្រ​ចិត្តជួយលេខាប្រតិភូចំនួន៣០រូប។

...

មកដល់បច្ចុប្បន្ន គណៈមេធាវីមានសមាជិកសរុបចំនួន ២,៩៩៦រូប (មេធាវី​ជា​ស្ត្រីចំនួន ៧៦៤រូប)។ ក្នុងនោះ មេធាវីមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជា​ជីវៈ​ចំនួន ២,៥៤៣រូប (មេធាវីជាស្ត្រីចំនួន ៦៥០រូប) មេធាវីកំពុងធ្វើកម្មសិក្សា ចំនួន ២៣០រូប (មេធាវីជាស្ត្រីចំនួន ៧៧ រូប) មេធាវីសុំមិនប្រកបវិជ្ជាជីវៈចំនួន ២០១រូប (មេធាវីជាស្ត្រីចំនួន ៣៣រូប) មេធាវីសុំនៅក្រៅបញ្ជីចំនួន ២២រូប (មេធាវីជាស្ត្រីចំនួន ៤រូប) ហើយមានមេធាវីទទួលមរណភាពចំនួន ៧០រូប (មេធាវីជាស្ត្រីចំនួន ៦រូប) និងមេធាវីទទួលទណ្ឌកម្មលុបឈ្មោះចេញ​ពីបញ្ជី​គណៈ​មេធាវីចំនួន ១៨រូប (មេធាវីជាស្ត្រីចំនួន ៣រូប)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print