ភ្នំពេញ៖ ក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា ក្រោយការបើកឱ្យចុះឈ្មោះជាសាធារណៈ «ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ” បានទទួលការចាប់អារម្មណ៍ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានលើសការរំពឹងទុក ដោយមានចំនួនអ្នកចុះ លើស១ពាន់នាក់។
អនុវត្តនូវគោលការណ៍ «មកមុន ទទួលបានមុន» ក្រុមការងារបានកំណត់ចំនួនអ្នកចូលរួម ២០០នាក់ ដំបូង សម្រាប់ដំណើរទស្សនកិច្ច នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុង “ ខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី ដូចមានក្នុងបញ្ជីឈ្មោះជូនភ្ជាប់ខាងក្រោម។ អាស្រ័យហេតុនេះ ក្រុម ការងារសូមបិទការចុះឈ្មោះ សម្រាប់ដំណើរទស្សនកិច្ច នៅថ្ងៃសៅរ៍ ទី៧ និងទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
អ្នកចូលរួមទាំង២០០នាក់ ដែលត្រូវចូលរួមដំណើរទស្សនកិច្ចនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ (ដូចមានជូនភ្ជាប់ក្នុងបញ្ជី) ត្រូវមកចូលរួមស្តាប់បទបង្ហាញ ដើម្បីទទួលបានព័ត៌មានស្តីពីរបៀបរបបនៃការ ធ្វើដំណើរទស្សនកិច្ចទិសឦសាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២.០០ រសៀល នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ដោយឡែក បញ្ជីឈ្មោះអ្នកចូលរួម ២០០នាក់ សម្រាប់ថ្ងៃទី១៤ ខែកញ្ញា នឹងត្រូវផ្សព្វផ្សាយក្នុងពេលខាងមុខ។
ទន្ទឹមនេះដែរ ក្រសួងព័ត៌មាននៅតែបន្តទទួលការចុះឈ្មោះសម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី២១ និង ទី២៨ ខែកញ្ញា ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅ តាមតំបន់ព្រំដែន។ សាធារណជនដែលចាប់អារម្មណ៍ចូលរួម សូមធ្វើការចុះឈ្មោះដោយធ្វើការស្កេន QR Code (ដូចមានជូនភ្ជាប់នៅខាងក្រោម)។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ដោយ៖តារា