ខេត្តតាកែវ៖ អធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវបានឱ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះថា កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាល អធិការដ្ឋាននគរបាលស្រុកគងពិសី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគំរាមភ្ជុងប្លន់យកម៉ូតូពីយុវជនម្នាក់។
ជនសង្ស័យឈ្មោះ ស៊ិន ឧត្ដមរង្សី ហៅអូន ភេទប្រុស អាយុ ៣៥ ឆ្នាំ ។
ជនរងគ្រោះឈ្មោះ គា រដ្ឋធី ភេទប្រុស អាយុ ១២ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ០០ នាទី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង នៃអធិការដ្ឋាននគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពយកដែកឆាបផ្លែដែកដងឬស្សីមូលប្រវែង ២២ សង់ទីម៉ែត្រ ភ្ជង់សម្លុតគំរាមយកម៉ូតូហុងដាឌ្រីមC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ តាកែវ 1Q-6984 ពីយុវជនម្នាក់បានសម្រេចកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ហេីយគេចខ្លួនបាត់។
សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីរត់គេចអស់រយៈពេល ១ ថ្ងៃមកនេះកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង នៃអធិការដ្ឋាននគរបាលស្រុកបាទី និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាល អធិការដ្ឋាននគរបាលស្រុកគងពិសី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យបាននៅ ត្រង់ចំណុចភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖សុខាសែនជ័យ