ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងនគរបាលស្រុកសង្កែ បានចុះអនុវត្តដីកាចាប់ឃាត់ខ្លួនពិរុទ្ធជនម្នាក់ តាមអំណាចតុលាការ ក្នុងករណីបទឆបោក នៅចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង យកមកសាកសួរ និងបញ្ជូនខ្លួនទៅតុលាការដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៨៨៥ របស់លោក សយ យូសុមនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ អ៊ាន គឹមយីន ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទឆបោក ប្រព្រឹត្តនៅចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ដោយ៖តារា