ខេត្តកំពង់ធំ៖ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងបានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាលោកអនុប្រធាន និងមន្ត្រីបច្ចេកទេសនាយកដា្ននធារាសាស្ត្រកសិកម្មចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យគម្រោងថែទាំជាប្រចាំនៅតាមប្រព័ន្ធធារាសាស្ត្រចំនួន ២ទីតាំងក្នុងខេត្តកំពង់ធំគឺ៖ ទី១)ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំងដែលរួមមានការថែទាំប្រឡាយមេបេតុង ១ខ្សែប្រវែង ២៧០៧ម៉ែត្រ ប្រឡាយមេដីចំនួន ១ខ្សែប្រវែង ១៦០៣០ម៉ែត្រ ទំនប់ដីចំនួន ១ខ្សែប្រវែង ២ ៦៨៥ម៉ែត្រ និងសំណង់សិល្បការ្យសរុបចំនួន ៨៥កន្លែង។ ទី២)ប្រព័ន្ធធារាសាស្រ្ត៣០កញ្ញា ដែលរួមមានទំនប់ដីចំនួន ១ខ្សែ(៣ជ្រុង)ប្រវែង ១៤ ៣១៦ម៉ែត្រ ប្រឡាយមេបេតុងចំនួន ៣ខ្សែ ប្រវែង ៤៦ ០៩៦ម៉ែត្រ ប្រឡាយរង១ខ្សែប្រវែង ១៦២៩៦ម៉ែត្រ និងថែទាំសំណង់សិល្បការ្យសរុបចំនួន១៦៤កន្លែង។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវបន្តយកចិត្តទុកដាក់លើគុណភាព និងសោភ័ណភាពការងារឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមធ្វើការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់បានត្រឹមត្រូវ ជាពិសេសជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រឡាយមេនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រពនិងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំងទទួលប្រភពទឹកពីអាងស្ទឹង៦មករា និងពីផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ ព្រមទាំងអាចរំដោះទឹកជំនន់ចូលស្ទឹងវិញបានក្នុងរដូវវស្សា និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៩៨៦៩ហិកតា ស្រូវប្រាំង ២៩៧៩ហិកតា និងដំណាំរួមផ្សំមួយចំនួនជូនប្រជាពលរដ្ឋចំនួន ៤ឃុំ នៃស្រុកសន្ទុក។ ចំណែកប្រព័ន្ធធារាសាស្រ្ត៣០កញ្ញាទទួលប្រភពទឹកអាងទឹកស្ទឹងស្ទោង និងពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ព្រមទាំងជួយរំដោះទឹកចូលស្ទឹងវិញនារដូវវស្សា និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៣៥០០០ហិកតា ស្រូវប្រាំងចំនួន ៥០០០ហិកតា និងដំណាំរួមផ្សំមួយចំនួនជូនប្រជាពលរដ្ឋចំនួន ១១ឃុំ នៃស្រុកកំពង់ស្វាយ ស្រុកប្រាសាទបាល័្លង្គ និងស្រុកស្ទោង៕ដោយ៖តារា