ទីក្រុងហុងកុងស្ងប់ស្ងាត់ ពលរដ្ឋបិទទ្វារនៅក្នុងផ្ទះដោយសារតែព្យុះកំណាច យ៉ាជី

ចែករំលែក៖

ផ្លូវថ្នាល់ដែលធ្លាប់តែមម៉ាញឹកនៅទីក្រុងហុងកុង ប្រទេសចិន ស្ងប់ស្ងាត់ ដោយពលរដ្ឋត្រូវស្នាក់នៅក្នុងផ្ទះ ដោយបារម្ភពីខ្យល់ព្យុះកំណាច យ៉ាជី បក់បោកចូលដីគោកតំបន់នេះ។ ជាមួយគ្នានោះដែរចិនជម្លៀសប្រជាជនជាង៤០០,០០០នាក់ នៅខេត្ត Hainan មុនការមកដល់នៃព្យុះទីហ្វុងកំណាច Yagi។

សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ ខេត្តដែនកោះ Hainan នៅភាគខាងត្បូងប្រទេស បានជម្លៀសមនុស្សជាង៤០០,០០០នាក់ ទៅកាន់កន្លែងសុវត្ថិភាព មុនការមកដល់របស់ ព្យុះទីហ្វុងកម្រិតធ្ងន់ហៅថា Super Typhoon Yagi។
ទីភ្នាក់ងារព័ត៌មានចិន Xinhua បានឱ្យដឹងថា គិតនៅត្រឹមវេលាថ្ងៃត្រង់ថ្ងៃសុក្រនេះ អាជ្ញាធរខេត្ត Hainan បានផ្លាស់ទីប្រជាជនខ្លួន សរុបចំនួនជិត៤២០,០០០នាក់ ដើម្បីជាវិធានការបង្ការ មុនព្យុះ Yagi ធ្វើដំណើរមកដល់។ ខ្យល់បក់ព្រមជាមួយភ្លៀងធ្លាក់ ដែលបង្កឡើងដោយឥទ្ធិពលនៃព្យុះកំណាចមួយនេះ ក៏បានវាយប្រហារជាបណ្តើរៗ រួចទៅហើយផងដែរ លើតំបន់ភាគខាងត្បូងប្រទេសចិន ខណៈការបិទសាលារៀន បានចូលដល់ថ្ងៃទី២ រីឯជើងហោះហើរជាច្រើន ត្រូវបានលុបចោល។
ជាមួយកម្លាំងខ្យល់បក់ ២៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Super Typhoon Yagi ត្រូវបានចាត់ទុកថា ជាព្យុះមានឥទ្ធិពលខ្លាំងលំដាប់ទី២ មកទល់នឹងពេលនេះ ក្នុងឆ្នាំ២០២៤ បន្ទាប់ពីព្យុះ Hurricane Beryl។ Yagi ដែលទើបតែវាយប្រហារលើហ្វីលីពីន កាលពីសប្ដាហ៍មុនផងនោះ ត្រូវបានរំពឹងថា នឹងបក់បោកដល់ដីគោកនៅតាមបណ្ដោយឆ្នេររបស់ចិន ចាប់ពីតំបន់ Wenchang នៅលើកោះ Hainan រហូតដល់តំបន់ Leizhou នៃខេត្ត Guangdong នៅរសៀលថ្ងៃសុក្រនេះ។
អាជ្ញាធរចិន កាលពីថ្ងៃព្រហស្បតិ៍ បានដំឡើងការប្រកាសអាសន្នពីហានិភ័យគ្រោះទឹកជំនន់ នៅកោះ Hainan និងខេត្ត Guangdong ដល់កម្រិតទី៣ ស្របពេល អាជ្ញាធរគ្រប់គ្រងមហន្តរាយចិន បាននិយាយថាព្យុះ Yagi នឹងក្លាយជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត ដែលនឹងវាយប្រហារឆ្នេរភាគខាងត្បូងប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៤ មក ដែលនឹងបង្កជាគ្រោះទឹកជំនន់ និងបង្កការលំបាកដល់កិច្ចប្រឹងប្រែងរបស់អាជ្ញាធរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print