ភ្នំពេញ៖អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន០៥នាក់ បាន ធ្វើសកម្មភាពនាំគ្នាយកដុំថ្មគប់ទៅលើជនរងគ្រោះម្នាក់ ដែលកំពុងជិះម៉ូតូជាមួយមិត្តភក្តិ បណ្តាលឱ្យជនរងគ្រោះ របួសចេញឈាមខាងលើបបូរមាត់ចំនួន ០១ កន្លែង នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ០០ នាទីយប់។ ភ្លាមៗនោះ ជនរងគ្រោះ និងមិត្តភ័ក្ត្រក៏បាននាំគ្នារត់ចេញតាមពីក្រោយ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឡេង សុខា ភេទប្រុស អាយុ១៤ឆ្នាំ រួមជាមួយវត្ថុតាងដុំថ្មចំនួន ០៥ ដុំយកមកប្រគល់ឱ្យសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់ តែម្តង។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន៕ ដោយ រ៉ារ៉ា