បញ្ជូនខ្លួនលោកម៉ៃសុគន្ធ ទៅកាន់តុលាការ បន្ទាប់ពីបើករថយន្តគេចគោលដៅសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ជាតិអាគុល ជ្រុលល្បឿនទៅបុករះម៉ូតូកង់បី និងរបាំងថ្ម រងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា សមត្ថកិច្ចបានបញ្ជូនខ្លួនលោកម៉ៃសុគន្ធ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ បន្ទាប់ពីបើករថយន្តគេចគោលដៅសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ជាតិអាគុល ជ្រុលល្បឿនទៅបុករះម៉ូតូកង់បី និងរបាំងថ្ម រងរបួសធ្ងន់ស្រាល៤នាក់។

សូមរំលឹកថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចមុខផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកម៉ៃសុគន្ធ បានបើករថយន្តមួយគ្រឿងម៉ាក TOYOTA LandCruiser ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BW-6802 បើកបរយ៉ាងលឿន បើកចេញពីចំណុចផ្លូវបេតុង ផ្សារបឹងបៃតង ឆ្ពោះទៅកាន់ផ្សារទឹកថ្លា រួមទាំងមានរថយន្តសារ៉ែនសមត្ថកិច្ចប្រដេញពីក្រោយ ដោយសារលោកម៉ៃសុគន្ធ បានបើកគេចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងវាស់ជាតិអាកុល ខណៈរថយន្តទាំង២គ្រឿងរវាងរថយន្តលោកម៉ៃសុគន្ធ និង រថយន្តរបស់សមត្ថកិច្ចប្រដេញគ្នា មកដល់ចំណុចកើតហេតុ មុខផ្សារទឹកថ្លា រថយន្តលោកម៉ៃសុគន្ធបានជ្រុលល្បឿនបុករះម៉ូតូកង់បី២គ្រឿងដែលកំពុងបើកនៅពីមុខ និងបន្តទៅបុករបាំងថ្មរពុះចែកទ្រូងផ្លូវខ្ទាតចំនួន៣កង់ចេញពីជូួរ ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច បណ្តាលឲ្យមនុស្សប្រុសស្រីដែលជិះលើកង់បី រងរបួសធ្ងន់ស្រាលចំនួន៤នាក់ ។ 

បច្ចុប្បន្ន បើទោះបីជា លោកម៉ៃ សុគន្ធ ចេញ​ វីដេអូសុំទោសយ៉ាងណាក៏ដោយ សមត្ថកិច្ចត្រូវតែអនុវត្តច្បាប់ ច្បាប់គឺច្បាប់ ដូចច្នេះលោកម៉ៃសុគន្ធត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ តើវាសនារបស់លោកម៉ៃសុគន្ធទៅជាយ៉ាងណា ចាំតាមដានទាំងអស់គ្នា៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print