ភ្នំពេញ ៖ ដូចការសន្យារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដំណើរកម្សាន្តទិសឦសានដោយឥតគិតថ្លៃដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមហើយនៅថ្ងៃសៅរ៍នេះ។ ដំណើរកម្សាន្តនេះដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ នេះជាបញ្ជាក់ពីខាង អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ។
ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០ អង្គ/នាក់ បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដោយឥតគិតថ្លៃ ទាំងការធ្វើដំណើរ អាហារ៣ពេល ព្រមទាំងមានភេសជ្ជៈ និងទឹកបរិសុទ្ធបម្រើជូនទៀតផង។
គោលដៅនៃដំណើរទស្សនកិច្ចតាមបណ្តោយខ្សែក្រវាត់ព្រំដែននេះមានគោលដៅឱ្យប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកចំពោះខ្សែក្រវាត់ការពារទឹកដីយ៉ាងរឹងមាំ។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋបានសម្តែងក្តីសប្បាយរីករាយនិងមានទំនុកចិត្តទាំងស្រុងលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។
ដំណើរទស្សនកិច្ចព្រំដែនខ្សែទី១ ចាប់ផ្តើមចេញដំណើរពីទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដោយឆ្ពោះទៅកាន់ផ្លូវក្រវាត់ព្រំដែនខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី រួចវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញ។
សូមជម្រាបជូនដែរថា អ្នកចូលចូលរួមដំណើរកម្សាន្តនេះ ក៏ទទួលបានក្រមាមួយជាអនុស្សាវរីយ៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ៕
ដោយ ៖ សិលា