ខេត្តក្រចេះ÷នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែ ភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៤ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ,ខណ្ឌរដ្ឋបាលជលផលក្រចេះ,កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត,គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆ្លូង ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រឃុំកញ្ជរ និងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖
១* បានធ្វើការរុះរើ និងបំផ្លាញចោលឧករណ៍នេសាទល្មើសច្បាប់រួមមាន÷របាំងព្រួលស្បៃមុងចំនួន២៧ខ្សែ មានប្រវែង១៧៥០ម៉ែត្រ,លូស្បៃមុងចំនួន២៧មាត់លូ, បង្គោលចម្រឹងប្ញស្សីចំនួន៤០៥ដើម។
២* បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ១៥០ គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។
៣* បានឃាត់ចាប់ និងដកហូតឧបករណ៍នេសាទឆក់ត្រីចំនួន១គ្រឿង(ប្រភេទត្រជាក់) អាគុយចំនួន០២ គ្រឿង,ថ្នងដួសត្រីតភ្ជាប់ជាមួយខ្សែភ្លើងប្រវែង ៨ ម៉ែត្រចំនួន០១ និងទូកម៉ាស៊ីនចំនួន១គ្រឿង យកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ។
៤* បានដកហូតទូកម៉ាស៊ីនចំនួន០១គ្រឿងពាក់ព័ន្ធនឹងករណីប្រព្រឹត្តបទល្មើសស្បៃមុង យកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ។ ចំពោះជនសង្ស័យប្រព្រឹត្តបទល្មើសត្រូវបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់៕