អបអរសាទរខួបលើកទី ២៤ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍” នៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ខួបលើកទី ២៤ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍” នៅខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី លោក សាដា អ៊ូម៉ាអាឡាំ ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ក្រុមប្រឹក្សាខេត្ត លោក អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក លោកស្រី មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ តំណាងមន្ទីរអប់រំរាជធានី ខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

តាមរយៈសុន្ទរកថារបស់ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា បាបឱ្យដឹងថា៖ ប្រធានបទទិវាអក្ខរកម្មជាតិឆ្នាំនេះ គូសបញ្ជាក់អំពីតួនាទីនៃអក្ខរកម្មសម្រាប់មនុស្សជាតិនិងសង្គម ខណៈប្រទេសកម្ពុជាកំពុងឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ និងជាការលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអប់រំស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដែលអក្ខរកម្មដើរតួនាទីស្នូល។ ក្នុងអំឡុងមួយទស្សវត្សកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយដៃគូអភិវឌ្ឍន៍សម្រេចបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការបង្កើនអត្រាអក្ខរកម្មជាតិ តួយ៉ាងយុទ្ធនាប្រមូលសិស្សចុះឈ្មោះចូលរៀនប្រចាំឆ្នាំធានាថាកុមារទាំងអស់ត្រូវបានបញ្ជួនទៅសាលារៀន ហើយក្រសួងអប់រំក៏បានដាក់ឱ្យប្រើប្រាស់នូវវិធីសាស្រ្តបង្រៀនថ្មីសម្រាប់អំណានថ្នាក់ដំបូងដើម្បីកែលម្អប្រសិទ្ធភាពអក្ខរកម្មនិងគុណភាពនៃការរៀន។

ថ្លែងក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈប្រធានបទទិវាអក្ខរកម្មជាតិ៨ កញ្ញា ឆ្នាំនេះ បានគូសរំលេចអំពីតួនាទីដ៏សំខាន់នៃ អក្ខរកម្ម ក្នុងការផ្តល់ភាពអង់អាចដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារ និងយុវជនធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក្រ កុមារ និងយុវជនជនជាតិដើមភាគតិច ដើម្បីទទួលបានចំណេះដឹងមូលដ្ឋាន និងមានសមត្ថភាពរឹងមាំឈានឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិតស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន សម្រាប់លើកកម្ពស់ជីវភាព និងការចូលរួមសកម្មភាពអភិវឌ្ឍសង្គមកាន់តែសកម្ម និងមាននិរន្តភាព។ ក្នុងន័យនេះ ក្រសួងក៏ចង់បង្ហាញពីតួនាទីសំខាន់របស់អក្ខរកម្ម ក្នុងការលើកកម្ពស់ចំណេះ បំណិន និងនវានុវត្តន៍សម្រាប់ការប្រាស្រ័យទាក់ទងគ្នា ការបណ្តុះភាពសុខដុមរមនានិង ឯកភាពគ្នា ការស្វែងរកគោលដៅរួម ការយល់ដឹងគ្នាទៅវិញទៅមក និងការស្រឡាញ់និងថែរក្សាសុខសន្តិភាព។

ការលើកកម្ពស់អក្ខរកម្មពិតជាបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបន្តរក្សានូវសុខសន្តិភាព ដែលប្រជាជនកម្ពុជាគ្រប់រូបចង់បាននិងកំពុងទទួលផល ជាពិសេសនៅខេត្តជាប់ព្រំដែន។ ដើម្បីពង្រឹងអធិបតេយ្យភាព និងបូរណភាពទឹកដី រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចរចាកំណត់ខ្សែបង្គោលព្រំដែន ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិ ជាពិសេស គឺការអភិវឌ្ឍន៍តាមតំបន់ព្រំដែន រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ទើបអាចធានាបាននូវការរក្សាអធិបតេយ្យភាព បូរណភាពដែនដីពិតប្រាកដជារៀងរហូត ដែលនេះបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។

នាឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាននាំយកនូវសារលិខិតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ ផ្សព្វផ្សាយជូនដល់អង្គពិធី ដែលក្នុងនោះ បានអំពាវនាវ និងដាក់ចេញនូវអនុសាសន៍មួយចំនួនពាក់ព័ន្ធនឹង (ទី១). ការអភិវឌ្ឍគោលនយោបាយ (ទី២). ការចូលរួមក្នុងសហគមន៍ (ទី៣).ការចូលរួមរបស់យុវជននិងនិស្សិត (ទី៤). អក្ខរកម្មនិងការអភិវឌ្ឍជំនាញនៅកន្លែងធ្វើការ (ទី៥). ការពង្រឹងភាពជាដៃគូ (ទី៦). តួនាទីរបស់ស្ថាប័នសាសនា (ទី៧). ការផ្សព្វផ្សាយ និងការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ឱ្យបន្តចូលរួមគាំទ្រដល់ការងារអក្ខរកម្មវិជ្ជាជីវៈ ក៏ដូចជាការងារអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ មាតាបិតាសិស្ស សហគមន៍ សប្បុរសជន និងអាជ្ញាធរដែនដីទូទាំងប្រទេស ទាំងអង្គការជាតិ អន្តរជាតិ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ លើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងស្នើឱ្យបន្តអនុវត្តនូវភារកិច្ចរបស់ខ្លួនដោយការយកចិត្តទុកដាក់ខ្ពស់ដើម្បីពង្រឹង និងបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមប្រធានបទ “អក្ខរកម្មជា មូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍” ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print