លោកអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងនឹងកម្លាំងសាមគ្គីប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញភាពស្ញប់ស្ញែងចំពោះកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានបរិច្ចាគថវិការួមចំណែកគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន។

លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានចាត់ទុកការរួមចំណែកនេះ ថាជាការបង្ហាញច្បាស់នូវទឹកចិត្តខ្វល់ខ្វាយ និងឈឺឆ្អាលប្រកបដោយវិជ្ជមានរបស់ប្រជាពលរដ្ឋចំពោះជាតិមាតុភូមិជាទីស្នេហា និងបានបន្ថែមទៀតថា ជាការពិតមិនអាចប្រកែកបាន គឺគ្មានជនជាតិណាឈឺឆ្អាល ខ្វល់ខ្វាយ ស្រលាញ់ជាតិ មាតុភូមិ ចង់ឃើញភាពរីកចម្រើនក្រោមម្លប់សុខសន្តិភាព ជាងប្រជាពលរដ្ឋខ្មែរនោះឡើយ។

លោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថាកន្លងមក និងថ្មីៗនេះទៀត អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស រួមទាំងដៃជើងប្រកបដោយមនោគមវិជ្ជានយោបាយបំផ្លាញផលប្រយោជន៍ជាតិ បានប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខ ដោយជ្រកក្រោមលេសខ្វល់ខ្វាយមិនសមហេតុផល ទាំងលើគម្រោងព្រែកជីកហ្វូណនតេជោ និងការអភិវឌ្ឍន៍តំបន់ព្រំដែនជាប់ប្រទេសឡាវ និងវៀតណាម។

ទន្ទឹមនឹងចាត់ទុកសកម្មភាពក្រុមប្រឆាំងជ្រុលនិយម ថាជាការធ្វើនយោបាយតាមរបៀបស្មោកគ្រោគ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្ដេចធិបតី ដោយបសង្កត់ធ្ងន់ទៀតថា គ្មានរដ្ឋាភិបាលណា ចំណាយធនធានទៅអភិវឌ្ឍន៍ជាតិដើម្បីបម្រើផលប្រយោជន៍បរទេស ហើយក៏គ្មានអ្នកដឹកនាំណាដឹកនាំប្រទេសនាំឱ្យបាត់បង់ទឹកដីនោះដែរ។

សូមបញ្ជាក់ថាការថ្លែងរបស់លោកអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអតីតមន្រ្តីរាជការក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ ។

លោកអភិសន្តិបណ្ឌិត ក្នុងនាមអតីតថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណអតីតមន្រ្តីរាជការទាំងអស់ដែលបានរួមចំណែកបំពេញការងារបម្រើជាតិ និងប្រជាជន ជាពិសេសការពារសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិគ្រប់ដំណាក់កាល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print