សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧​ នារសៀលថ្ងៃទី១០​ កញ្ញា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤។​ ក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” ដោយមានវត្តមានអញ្ជើញចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ,លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក លោកស្រីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ​ កាលពីព្រឹកមិញនេះ​ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។

សូមជម្រាបជូនថា​ វេទិកាស្រូវអង្ករកម្ពុជាលើកទី៧នេះ រៀបចំឡើងក្រោមប្រធានបទ «ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព»។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចម្បងៗចំនួន៤រួមមាន៖
*១៖ ផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជាទៅកាន់ពិភពលោក តាមរយៈការបង្ហាញអំពីសមត្ថភាពផលិតកម្មស្រូវ ការកិនកែច្នៃ និងភាពប្រជែងឈ្នះផ្សេងទៀតរបស់វិស័យស្រូវអង្ករកម្ពុជា។
*២៖ ចែករំលែកដល់អង្គវេទិកាស្តីពីនិន្នាការនៃទីផ្សារ ការដាំដុះ ហិរញ្ញប្បទាន និងបច្ចេកវិទ្យាដែលពាក់ព័ន្ធដល់ការដាំដុះស្រូវ ការកិនកែច្នៃស្រូវអង្ករ។
*៣៖ ចែករំលែកដល់អង្គវេទិកាស្តីអំពីទស្សនៈវិស័យ គោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលលើវិស័យស្រូវអង្ករកម្ពុជា។
*៤៖ ពិភាក្សាស្វែងរកធាតុចូល និងអនុសាសន៍នានា សម្រាប់លើកកម្ពស់វិស័យស្រូវអង្ករនៅកម្ពុជា លើប្រធានបទសំខាន់ៗចំនួន៣រួមមាន៖ ១) «គន្លឹះសំខាន់នៃភាពប្រកួតប្រជែង និងភាពធន់លើការធ្វើកសិកម្មដាំដុះស្រូវនៅកម្ពុជា», ២) «គោលការណ៍បរិដ្ឋាន សង្គម អភិបាលកិច្ចល្អ និងនិរន្តរភាពហិរញ្ញប្បទានដល់វិស័យស្រូវអង្ករ», ៣) «និន្នាការទីផ្សារអង្ករពិភពលោក និងបញ្ហាសន្តិសុខស្បៀង»។

វេទិកាស្រូវអង្ករកម្ពុជា ដែលរៀបចំឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជាក្នុងឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ៤០០នាក់។ វេទិកានេះអាចប្រព្រឹត្តទៅបានដោយមានការចូលរួមឧបត្ថម្ភថវិកា និងការគាំទ្រពីកម្មវិភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ សហគ្រិនខ្មែរ ធនាគារអភិវឌ្ឍន៍ជនបទ និងសកិកម្ម និងវិស័យឯកជនរួមមានធនាគារ ABA, FTB, WING, AMK, Prince ព្រមទាំងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនត្រួតពិនិត្យគុណភាព ក្រុមហ៊ុនម៉ាស៊ីន និងក្រុមហ៊ុនកម្ចាត់សត្វល្អិតជាដើម។

រាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិមកហើយតាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម រួមទាំងវិស័យស្រូវអង្ករនេះផងដែរ។ តាមការយកចិត្តទុកដាក់ជំរុញលើវិស័យស្រូវអង្ករនេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតស្បៀងដ៏ធំមួយ ជួយទ្រទ្រង់ដល់សន្តិសុខស្បៀងពិភព​លោកផងដែរ។

ក្រោមស្មារតីយកចិត្តទុកដាក់នេះ រាជរដ្ឋាភិបាលបានដាក់ចេញ កម្មវិធីគោលនយោបាយស្តី​ពីការ​ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១០ ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកសិកម្មក្នុងសន្ទុះ និងទំហំថ្មី​មួយដើម្បីពង្រីក និងពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ចផង ព្រមទាំងល្បឿននៃការកាត់បន្ថយ​ភាពក្រីក្រ និងលើកតម្កើងជីវភាពរបស់ ប្រជាជនផងដែរ។

តាមរយៈគោលនយោបាយដ៏មានសារៈសំខាន់នេះ ផលិតកម្មស្រូវនៅក្នុង​ឆ្នាំ២០១០-២០​១១ មានបរិមាណត្រឹមតែ ៧.៣លានតោនស្រូវសើម ហើយការនាំចេញបានត្រឹមតែ ១៣ ពាន់តោនអង្ករ និង ២០ពាន់តោនស្រូវ។

តាមរយៈគោលនយោបាយនេះបាន​ជំរុញ​ឱ្យមានការរីកចម្រើនជាជំហានៗ តួយ៉ាងផលិត កម្មស្រូវបានកើនដល់ ១២.៤៥លាន​តោនស្រូវសើម នៅឆ្នាំ២០២២-២០២៣ និងបាននាំ​ចេញអង្ករចំនួន ៦៥៦ពាន់តោនអង្ករ ដែលគិតជាទឹកប្រាក់បានចំនួន ៤៦៦លានដុល្លារ​សហរដ្ឋ​អាមេរិក និងបាននាំចេញស្រូវចំនួន ៤.៣៩លានតោនស្រូវ ដែលគិតជាទឹក​ប្រាក់បាន​ចំនួន ១.៣២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ជារួម ការនាំចេញស្រូវ និងអង្ករនៅឆ្នាំ២០២៣ មានទឹកប្រាក់សរុបចំនួន ១.៧៩ពាន់លាន​ដុល្លារសហរដ្ឋអាមេរិកនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ អ្វីដែលរឹតតែប្រសើរឡើងថែមទៀតនោះ គឺក្នុងរយៈពេល ១២ខែ (ខែសីហាឆ្នាំ ២០២៣ ដល់ ខែសីហា ឆ្នាំ២០២៤) នៃរាជរដ្ឋា​ភិបាល​នីតិ​កាលទី៧នេះ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ គឺការនាំ ចេញអង្ករបានចំនួន ៧០៥,៦៣៨តោន និងនាំស្រូវចេញបានចំនួន ៥,០២៧,៣៦៩តោន។

ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានសេនាធិការដូចជា ក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទលើការអភិវឌ្ឍពូជស្រូវ និងបច្ចេកទេសដាំដុះ ក្រសួងឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើបទដ្ឋានស្តង់ដារ និងការកិន​កែច្នៃ ក្រសួង​ពា​ណិជ្ជកម្ម លើការធ្វើពិពិធកម្មទីផ្សារ និងការផ្សព្វផ្សាយលើឆាកអន្តរជាតិ និងមានការចូល​រួម​ពីក្រសួងស្ថាប័ននានា ព្រមទាំងដៃគូអភិវឌ្ឍន៍របស់បណ្ដាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិ​នៃអង្កការសហប្រជាជាតិ បានជួយលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា ដោយបានពង្រីក​គោល​ដៅទីផ្សារនាំចេញ ដែលមានការកើនពីចំនួន ៣៥គោលដៅនៅឆ្នាំ២០១០ រហូតដល់ជាង ១២១គោលដៅ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៣ និងបានធ្វើឱ្យអង្ករកម្ពុជាទទួល​បានការ​ទទួលស្គាល់ពេញពិភពលោក តាមរយៈការទទួលបានពានរង្វាន់អង្ករល្អផ្តាច់គេរបស់អង្ករ​ពូជស្រូវ​ផ្ការំដួលចំនួន ៥ដង គឺឆ្នាំ២០១២ ២០១៣ ២០១៤ ២០១៨ និង២០២២ និងពានរង្វាន់មាសអង្ករពូជស្រូវសែនក្រអូបពីប្រទេសចិននាឆ្នាំ២០២៣។

ដើម្បីជួយដល់វិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង រាជរដ្ឋាភិបាលបាន​ដាក់​ចេញវិធានការសំខាន់ៗមួយចំនួន ដែលក្នុងនោះរួមមាន ការលើកទឹកចិត្តលើផ្នែកពន្ធដារ និង​ពន្ធគយលើការនាំចេញអង្ករ និងនាំចូលគ្រឿងបរិក្ខារម៉ាស៊ីនកិនស្រូវ ចាប់តាំងពីឆ្នាំ២០១​១ រហូតដល់បច្ចុប្បន្ន, វិធានការគោលនយោបាយហិរញ្ញប្បទាន និងឥណទានរបស់រាជរដ្ឋា​ភិ​បាល​តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជា ជា​ពិ​សេស​រោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនលើសមត្ថ​ភាព​នៃការបំពាក់ឡសម្ងួតដែលអាចសម្ងួតស្រូវបានចំនួន ៥០ពាន់តោនក្នុងមួយថ្ងៃ ឃ្លាំ​ង​ស្តុក​ស្រូវបានចំនួន ២លានតោនក្នុងមួយវគ្គ បំពាក់បរិក្ខារកិនកែច្នៃអង្ករដែលមានភាព ទំនើប និងបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោកដូចបណ្តាប្រទេសនា​នាដែលផលិត​អង្ករ​សម្រាប់កិនកែច្នៃ និងនាំចេញផងដែរ។

...

គួរបញ្ជាក់ថា​ រោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និងធំនៅទូទាំងប្រទេសមានចំនួន ២៧០ទីតាំង ដែលក្នុង​នោះ រោងម៉ាស៊ីនកិនស្រូវចំនួន៨០ មានសមត្ថភាព និងបំពាក់បរិក្ខារគ្រប់គ្រាន់តាមបទដ្ឋាន​នាំចេញ និងមានសមត្ថភាព កិនកែច្នៃសម្រាប់បម្រើការនាំចេញបានចំនួន ១,២០០តោន​ក្នុង​មួយម៉ោង ឬ ១២,០០០តោនក្នុងមួយថ្ងៃ ឬ ៣លាន​តោន​ក្នុងមួយឆ្នាំ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print