ភ្នំពេញ ៖ បន្ទាប់ពីឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គម ពាក់ព័ន្ធករណីហិង្សា លោក ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវករណីនេះ ។
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះលីម សុខលាប ភេទ ស្រី នៅចំណុចមុខផ្ទះលេខ ៣៦B ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធហិង្សាដោយចេតនា ប្រព្រឹត្តល្មើសនៅចំណុចខុនដូរ Parkland ផ្លូវ១៩២៨ ភូមិ គង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
តាមរយះវីដេអូ គឺជារឿងស្នេហាត្រីកោណ ដោយជនសង្ស័យឈ្មោះលីម សុខលាប ភេទ ស្រី សហាវផងដែរ ប្រើហិង្សានៅក្នុងខុនដូ ដោយស្រែកថាជនរងគ្រោះយកប្តីរបស់ខ្លួន ព្យាយាមយកកាំបិតធំ មកកាប់សម្លាប់ ស្មើនឹងប្រមាថសម្លាប់ជីវិត ធ្ងន់ធ្ងរណាស់ ! ហើយបង្ហាញពីភាពសាហាវឃោរឃៅ ដែលច្បាប់មិនឱ្យរួចខ្លួនឡើយ។ អ្នកលេងហ្វេសប៊ុក និយាយថា «ឈ្លោះគ្នាដណ្តើមប្រុសខ្មៅ» បែបមានលក្ខណះពិសេសអីមើល៍ទៅ ..!
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ សិលា