ក្រុមហ៊ុនដឹកដើមអាកាស្សា និងក្រុមហ៊ុនឡានដឹកថ្ម នៅខេត្តកោះកុង ត្រូវបានមន្ត្រីជំនាញកំណត់ឲ្យធ្វើការជួសជុលផ្លូវឡើងវិញ ខណៈរថយន្តក្រុមហ៊ុនទាំងពីរនេះដឹកជញ្ជូនលើសទម្ងន់

ចែករំលែក៖

ខេត្តកោះកុង៖ ផ្លូវលំក្រាលគ្រួសក្រហម មួយខ្សែ ឆ្ពោះទៅតំបន់រមណីយដ្ឋាន អេកូអេសចរណ៍ ជីផាត ដែលជាតំបន់រមណីយដ្ឋានមួយ កំពុងមានភាពទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ របស់ខេត្តកោះកុង កំពុងរងការខូចខាតយ៉ាងដំណំ បំផ្លាញដោយក្រុមហ៊ុនដឹកដើមអាកាស្សា និងក្រុមហ៊ុនឡានដឹកថ្ម ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី អង្គភាពមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកោះកុង។

មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង អះអាងថា ផ្លូវលំមួយខ្សែ ជាផ្លូវឆ្ពោះទៅឃុំកាន់តំបន់ ជីផាតនេះ មានប្រវែង ១៧គីឡូម៉ែត្រ កំពុងរងការខូចខាតយ៉ាងដំណំ ដោយសារឡានដឹកដើមអាកាស្សា និងឡានដឹកថ្ម មួយថ្ងៃៗជាច្រើនគ្រឿង ដោយប្រើប្រាស់សិទ្ធិលើសដែនកំណត់ បំផ្លាញផ្លូវដើម្បីតែផលប្រយោជន៍ខ្លួនឯង។

សកម្មភាពដឹកជញ្ជូនលើសដែនកំណត់របស់ ម្ចាស់ក្រុមហ៊ុនដឹកដើមអាកាស្សា និងក្រុមហ៊ុនឡានដឹកថ្ម ទាំងពីរ ក្នុងរដូវភ្លៀង ដោយបានធ្វើឲ្យផ្លូវរងការខូចខាត នាពេលនេះ ត្រូវបានមន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង កំណត់ឲ្យក្រុមហ៊ុនទាំងពីរធ្វើការជួសជុលផ្លូវជូនប្រជាពលរដ្ឋធ្វើដំណើរឡើងវិញទាំងស្រុងក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ការចេញមុខដាក់កំហិតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដល់ម្ចាស់ក្រុមហ៊ុនទាំងពីរ នៅពេលនេះ ធ្វើឡើងបន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋដែលគាត់ជួបផលលំបាកក្នុងការធ្វើដំណើរ ដឹកផលទំនិញ បន្លែ ត្រី សាច់ ឆ្លងកាត់ផ្លូវលំមួយខ្សែនេះ ឆ្ពោះទៅតំបន់រមណីយដ្ឋាន អេកូអេសចរណ៍ ជីផាត ដែលជាតំបន់រមណីយដ្ឋានមួយកំពុងមានភាពទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ របស់ខេត្តកោះកុង បច្ចុប្បន្ន។

បើតាមការស្រាយបំភ្លឺរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង កាលពីថ្ងៃ ទី១០ ខែ កញ្ញា ឆ្នំា ២០២៤ ស្តីពីការខូចខាតផ្លូវក្រាលល្បាយគ្រួសខាងលើ បង្ហាញថា ផ្លូវ ជីផាត (ផ្លូវ៤៤-មាត់ព្រែកជីផាត) មានប្រវែង ១៦,៤២០គីឡូម៉ែត្រ ក្រាលល្បាយក្រួស ទទឹងប្រវែង ៧ម៉ែត្រ ស្ថិតក្នុង ភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ឆ្ពោះទៅកាន់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មន្ទីរបានដាក់បញ្ចូល ក្នុងគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដៃគូរអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ គម្រោង (CSLEP) នេះនឹងចាប់ផ្តើមធ្វើការសាងសង់ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នៅខែវិច្ឆិកា ឆ្នាំ២០២៤ ឆាប់ឆាប់ៗខាងមុខ។

ចំណែកឯបញ្ហាការខូចខាតផ្លូវដោយសារការដឹកលើសទម្ងន់នេះ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកោះកុង បានធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាជរមូលដ្ឋានភូមិឃុំ និងសាលាស្រុកថ្មបាំង ដើម្បីទំនាក់ទំនងខាង ក្រុមហ៊ុនដឹកដើមអាកាស្សា និងក្រុមហ៊ុនឡានដឹកថ្ម ដោយកំណត់ឲ្យក្រុមហ៊ុនទាំងពីរធ្វើការជួសជុលផ្លូវនេះក្នុងពេល ខ្លីខាងមុខនេះជូន ជូនប្រជាពលរដ្ឋឡើងវិញ។
តាមពិតទៅគួរមានវិធានការច្បាប់ ហាមឃាត់រថយន្ត ក្រុមហ៊ុនដឹកដើមអាកាស្សា និងក្រុមហ៊ុនឡានដឹកថ្ម ទុកជាការពិន័យរាប់ខែសិន ឬទុកឱ្យធ្វើផ្លូវឡើងវិញរួចរាស់សិន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print