រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖​ ប្រជាជនខ្មែរចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសមានត្រឹមតែ ១.៥%​ ក្នុងឆ្នាំ២០២៣​ ពោល​គឺ​ប្រមាណ​ជាង​ ២០ម៉ឺននាក់ប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ​៖​ នាឱកាស​វេទិកាសាព័ត៌មានក្រោមប្រធានបទ “ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស” នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ​ លោកសាស្រ្តាចារ្យ​ ឈាង រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា​ បានមានប្រសាសន៍ថា៖ តាមការប៉ាន់ប្រមាណខ្ពស់បំផុត ដែលប្រជាជនខ្មែរចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសក្នុងឆ្នាំ២០២៣ មានត្រឹមតែជាង​ ២០ម៉ឺននាក់ ទៅ២៥ម៉ឺននាក់ប៉ុណ្ណោះ​ ស្មើនឹង ១.៥% ។​ ខណៈ​ពលរដ្ឋ​ខ្មែរ​ដែលអ្នកព្យាបាលក្នុងប្រទេសមានជិត១៤លាននាក់ ឯណោះ​។

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​ ករណីពលរដ្ឋខ្មែរដែលចេញទៅព្យាបាលនៅក្រៅប្រទេស មិនមែនទើបតែកើតមាននោះទេ គឺមានយូរណាស់មកហើយ ក៏មិនមែនមានតែនៅកម្ពុជាដែរ សូម្បីតែប្រទេសដទៃទៀត ដូចជា៖​ វៀតណាម សិង្ហបុរី ដែលពលរដ្ឋខ្មែរទៅព្យាបាល ក៏មានប្រជាជនគេចេញទៅព្យាបាលនៅក្រៅប្រទេសដូចគ្នា ពោល គឺអាស្រ័យលើស្ថានភាពប្រទេសនីមួយៗ និងការសម្រេចចិត្តរបស់ប្រជាជនប៉ុណ្ណោះ។ ចំពោះទិន្នន័យ ១.៥% របស់ប្រជាជនខ្មែរដែលចេញទៅព្យាបាលនៅបរទេសនេះ ក្រសួងសុខាបាលក៏បានគិតគូរ ក្នុងការធ្វើយ៉ាងណាឱ្យបានថមថយចុះផងដែរ។

លោករដ្ឋមន្រ្តី​ បន្តថា​ យុទ្ធសាស្ត្រដែលក្រសួង​សុខាភិបាល​បានគិតគូរលើបញ្ហានេះ គឺធ្វើយ៉ាងណាខិតខំប្រឹងប្រែងឱ្យបានល្អថែមទៀតក្នុងការបម្រើសេវាព្យាបាលក្នុងស្រុកឱ្យកាន់តែល្អក្នុងវិស័យសុខាភិបាល ទាំងវិស័យសាធារណៈ និងឯកជន ទោះបីបច្ចុប្បន្នមានកន្លែងព្យាបាលល្អច្រើន លោកក៏ទទួលស្គាល់ថា នៅតែមានចន្លោះខ្វះខាត។ លោកបន្តថា​ ទាំងក្នុងវិស័យរដ្ឋ និងឯកជន គិតផ្តល់យ៉ាងណាក្នុងរយៈពេលវែងជាប្រចាំ ដើម្បីឱ្យមានការកើនឡើងស្របតាមវឌ្ឍនភាព និងការខិតខំរបស់ក្រសួងសុខាភិបាល។ បន្ទាប់មក ត្រូវធ្វើការអប់រំ និងពន្យល់ពីបញ្ហាសុខភាព ហើយចូលរួមទប់ស្កាត់ចំពោះការឃោសនាណាដែលមិនពិត។​ ចំពោះការសម្រេចចិត្តថា ជ្រើសរើសព្យាបាលនៅក្នុង ឬ ក្រៅប្រទេសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏គោរពចំពោះការសម្រេចចិត្តរបស់ពលរដ្ឋ លោកក៏សូមឱ្យមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ រវាងបរិក្ខារ សេវាព្យាបាល និងតម្លៃជាដើម។

...

បច្ចុប្បន្នក្រសួង​ បានខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងការព្យាបាលក្នុងស្រុក ហើយមន្ទីរពេទ្យរដ្ឋមួយចំនួនមានការរីកសម្រើនច្រើនដូចគ្នា ដោយមានពលរដ្ឋខ្មែរ ៩៨,៥% ដែលទទួលការព្យាបាលក្នុងប្រទេស៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print