ភ្នំពេញ ៖ ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ បណ្តាញឃោសនានយោបាយ និងផ្សព្វផ្សាយព័ត៌មានខុសច្បាប់ និងអគតិជ្រុលនិយមបានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិត ចោទប្រកាន់ដោយបំភ្លៃ គ្មានមូលដ្ឋាននិងមានចេតនាបំពុលសង្គម បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បណ្តាញឃោសនានយោបាយនិងផ្សព្វផ្សាយព័ត៌មានខុសច្បាប់និងអគតិជ្រុលនិយម បានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិត ចោទប្រកាន់ដោយបំភ្លៃ គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ព្រមទាំងបង្កភាពចលាចលក្នុងក្រសួង និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងទេសចរណ៍។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងទេសចរណ៍សូមធ្វើការបំភ្លឺ ជូនសាធារណជនឱ្យបានជ្រាបថា៖
១. លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សូ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ មិនជាប់ជាសាច់ញាតិនឹងគ្នាឡើយ។ ហេតុដូចនេះ សូមសាធារណជនកុំមានការយល់ច្រលំ កុំជឿលើព័ត៌មានដែលមានលក្ខណៈញុះញង់ មូលបង្កាច់ និងមិនមានមូលដ្ឋានច្បាស់លាស់ តាមរយៈការចុះ ផ្សាយនិងចែករំលែកតាមបណ្តាញសង្គម។ ។
២. ក្នុងរយៈពេលជាង១ឆ្នាំនេះ លោករដ្ឋមន្ត្រី ខិតខំផ្តល់ឱកាសជូនមន្ត្រីដែលមានសមត្ថភាព ពេញលេញ និងមិនមានការដកតំណែងមន្ត្រីមួយរូបណាឡើយ ហើយក៏មិនដែលបានធ្វើបាបមន្ត្រី និងមាន គំនិតកម្ចាត់មន្ត្រីណាម្នាក់ចេញពីក្រសួងផងដែរ។ ការផ្ទេរចេញរបស់មន្ត្រីក្រសួងទេសចរណ៍ដែលទទួលបាន ភារកិច្ចថ្មីនៅស្ថាប័នមួយចំនួន គឺចេញពីការចាត់តាំងនិងជាការសម្រេចចិត្តរបស់មន្ត្រីទាំងនោះ ដែលមិនឆ្លុះ បញ្ចាំងពីការដឹកនាំរបស់ លោករដ្ឋមន្ត្រី នោះទេ។
៣. ចំពោះការតែងតាំងមុខតំណែងនិងតួនាទីរបស់មន្ត្រី ក្រសួងទេសចរណ៍តែងតាំងមុខតំណែង និងតួនាទីមន្ត្រីដោយយោងលើវិជ្ជាជីវៈ គុណសម្បទា និងសមត្ថភាព ព្រមទាំងផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។ ជាក់ស្តែង ក្រោមការដឹកនាំរបស់ លោករដ្ឋមន្ត្រី ក្រសួង ទេសចរណ៍បានបង្កើតគណៈកម្មការវាយតម្លៃ និងតែងតាំងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ដោយមានថ្នាក់ ដឹកនាំជាច្រើនរូបជាសមាជិកនៃគណៈកម្មការនេះ ដោយឆ្លងតាមនីតិវិធីជ្រើសរើសប្រកបដោយតម្លាភាព ជាពិសេសការបើកទូលាយជូនមន្ត្រី និងថ្នាក់ដឹកនាំដើម្បីលើកបេក្ខភាពសម្រាប់ប្រអប់ទំនេរជូនគណៈកម្មការ ធ្វើការពិនិត្យនិងសម្រេច។ ក្នុងន័យនេះ ក្រសួងសូមច្រានចោលព័ត៌មានមិនពិតដែលបានចោទដោយគ្មាន មូលដ្ឋានពីប្រភពព័ត៌មានអគតិនានា ដែលមានចេតនាបំភាន់សាធារណមតិ។
៤. ក្រសួងទេសចរណ៍ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យទេសចរណ៍ប្រកបដោយគុណភាព និងមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា មនសិការស្នេហាជាតិ និងមនុស្សជាតិ ឆ្លើយតបទៅ នឹងតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព សមធម៌ និង បរិយាបន្ន ព្រមទាំងការបង្កើនឱកាសទទួលបានការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
៥. ត្រឹមតែរយៈពេល១ឆ្នាំប៉ុណ្ណោះ លោករដ្ឋមន្ត្រី បានខិតខំជំរុញវិស័យទេសចរណ៍ តាមរយៈ ការគិតគូរជាលក្ខណៈប្រព័ន្ធនិងយុទ្ធសាស្ត្រ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសតាមរយៈ យន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន។ ជាក់ស្តែង ការដាក់ឱ្យដំណើរការឡើងវិញនៃក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយតួអង្គជាតិ និងអន្តរជាតិសំខាន់ៗនានា បាននិងកំពុងដើរតួនាទីយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយ ក្នុងការជំរុញនិង អភិវឌ្ឍន៍វិស័យទេសចរណ៍។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងទេសចរណ៍ សូមច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយ ដោយគ្មានវិជ្ជាជីវៈរបស់បណ្តាញផ្សព្វផ្សាយទាំងឡាយណា ដែលមានលក្ខណៈបំភ្លៃការពិត ញុះញង់ឱ្យមាន ការរើសអើង និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ស្ថិរភាពនយោបាយ និង កិត្យានុភាព របស់ក្រសួងទេសចរណ៍។
ជាថ្មីម្តងទៀត ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សាធារណជនទាំងអស់សូមកុំធ្វើការចែករំលែក ព័ត៌មានដែលគ្មានមូលដ្ឋាន និងមានចេតនាបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ដែលរៀបចំឡើងដោយ ឧបករណ៍ឃោសនានយោបាយខុសច្បាប់និងជ្រុលនិយម ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ក្រសួងទេសចរណ៍។ ក្រសួងក៏សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីក្រោមឱវាទក្រសួងទេសចរណ៍ ទាំងអស់នឹងបន្តរួបរួមគ្នា ធ្វើការរួមគ្នាដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ ដែលជាវិស័យស្នូលមួយក្នុងការ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ សម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយ កម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕