ខេត្តកណ្តាល៖ ផ្លូវសាធារណៈមួយខែ្សដែលមានប្រវែងជិត៥០០ម៉ែត្រតភ្ជាប់ពីមុខ វត្តកោះចូលទៅដីភូមិប្រជាពលរដ្ឋ ស្ថិតនៅ ព្រំប្រទល់រវាងឃុំគគីរនឹងឃុំដីឥដ្ឋត្រូវបាន អ្នកមានប្រាក់ម្នាក់ចំណាយលុយសុំធ្វើយក ជាកម្មសិទ្ធិ ព្រោះផ្លូវនេះកាត់ចំកណ្តាលដី របស់ខ្លួនដោយមិនគិតពីផលប៉ះពាល់ក្នុង ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះឡើយ។ ដោយឡែកអាជ្ញាធរឃុំទាំងពីរដោយមានការសម្របសម្រួលពីអាជ្ញាធរស្រុកបាន OK ទៅតាមសំណើរបស់អ្នកមានប្រាក់យល់ព្រមប្រគល់ផ្លូវសាធារណៈឲ្យទៅអ្នកមានប្រាក់យកធ្វើជាកម្មសិទ្ធ ។
ផ្លូវមួយខែ្សនេះ គឺជាផ្លូវបុរាណកើតមាន តាំងពីយូរយាណាស់មកហើយ ក្រោយមក បុគ្គលម្នាក់ឈ្មោះ ទីវ ឈីម៉េង មានទីលំនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចុះទៅ ប្រមូលទិញដីនៅខាងកើតវត្តកោះ ស្ថិតនៅ ភូមិចិនកោះ ឃុំគគីរ និងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ។
ក្រោយពីទិញដីនៅតំបន់បាន ហើយ ឥឡូវនេះលោក ទីវ ឈីម៉េង បានធ្វើ លិខិតស្នើសុំទៅអភិបាលស្រុកកៀនស្វាយ ដើម្បីសុំបិទផ្លូវសាធារណៈមួយខែ្សយកធ្វើ ជាកម្មសិទ្ធិរបស់ខ្លួន ដោយឈ្មោះនេះធ្វើ កិច្ចសន្យាជាមួយអាជ្ញាធរសុំបើកផ្លូវថ្មីមួយ ខែ្សវិញដើម្បីឲ្យប្រជាពលរដ្ឋឆ្លងកាត់ ។ តាមគម្រោងផ្លូវថ្មីដែលត្រូវធ្វើគឺចាក់ដីកាត់ ទទឹងព្រែកឡើងមកភូមិរបស់ប្រជាពលរដ្ឋ តែផ្លូវថ្មីនេះមានទំហំតូចជាងផ្លូវចាស់ ។
តាមប្រភពព័ត៌មានពីមន្រ្តីសាលាស្រុក មួយរូបសុំមិនបញ្ជេញឈ្មោះបានឲ្យដឹងថា សំណើសុំបិទផ្លូវសាធារណៈរបស់លោក ទីវ ឈីម៉េង ត្រូវបានលោក អ៊ូ ឈាង អភិ បាលស្រុកកៀនស្រាយ, លោក គង់ ឆេង មេឃុំគគីរ,លោក ស៊ុត តូ មេឃុំដីឥដ្ឋចុះហត្ថលេខាយល់ព្រមប្រគល់ផ្លូវសាធារណៈឲ្យទៅលោក ទីវ ឈីម៉េង គ្រប់គ្រងជាទ្រព្យ សម្បត្តិឯកជន ពោលគឺបិទផ្លូវសាធារណៈតែម្តង ក្រោយកិច្ចសន្យាធ្វើផ្លូវថ្មីដោយចាក់ដីកាត់ទទឹងព្រែកលប់ផ្លូវទឹក ។
លោក ខាំ ផុន មេភូមិដីឥដ្ឋកោះផុស បានឲ្យដឹងថា ពិតជាមានផែនការបិទផ្លូវ មួយខែ្សនេះមែន ប៉ុន្តែខាងក្រុមហ៊ុនសន្យា ថានឹងធ្វើផ្លូវថ្មីជូនប្រជាពលរដ្ឋដោយចាក់ដីកាត់ទទឹងព្រែក ។ ផ្លូវចាស់ដែលក្រុម ហ៊ុនសុំសិទ្ធិគ្រប់គ្រង ពីមុនគ្រាន់តែជាផ្លូវរទេះតូចមួយប៉ុណ្ណោះសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដើម្បីធ្វើស្រែចម្ការ ។ បើគិតទៅការធ្វើផ្លូវថ្មីក៏ម្យ៉ាងដែរ តែមិនទាន់ ដឹងថាមានទំហំប៉ុនណានោះទេ គ្រាន់តែជាគម្រោងការរបស់ក្រុមហ៊ុនជាមួយនឹងអាជ្ញាធរប៉ុណ្ណោះ ។
ពាក់ព័ន្ធទៅនឹងអាជ្ញាធរស្រុកកៀនស្វាយរួមជាមួយមេឃុំទាំងពីរយល់ព្រមឲ្យអ្នកមានប្រាក់យកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិនេះដែរ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានឆ្លើយតបសារអេឡិចត្រូនិកដូច្នេះថា ករណីដោះដូរផ្លូវខាងលើនេះខេត្តពុំបានដឹងទេ ដោយស្រុក និងឃុំគាត់ពុំបានរាយការណ៍ និងសុំយោបល់ពីខេត្តនោះឡើយ ៕
ដោយ៖ សណ្តោយ