ភ្នំពេញ៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកស្រីរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងអបអរសាទរ លោកឯកអគ្គរដ្ឋទូតបណ្ឌិត Santo ស្ថានទូតឥណ្ឌូនេស៊ីនៅទីក្រុងភ្នំពេញ និងគ្រប់ភាគីពាក់ព័ន្ធដែលបានរៀបចំព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានរៀបចំឡើងនៅក្រុងភ្នំពេញតាំងពីឆ្នាំ២០០៦មក ដែលធ្វើឱ្យឆ្នាំ២០២៤នេះ ជាខួបទី១៥នៃការរៀបចំព្រឹត្តិការណ៍បែបនេះ និងជាខួបទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូនេស៊ី។
លោកស្រីរដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” នឹងមាននូវសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ ការតាំងបង្ហាញនិងលក់ផលិតផល ការផ្សព្វផ្សាយទេសចរណ៍ ពិព័រណ៍កម្មវិធីអប់រំ ការសម្តែងសិល្បៈវប្បធម៌ ជំនួបផ្គូផ្គងអាជីវកម្ម ការជំរុញការវិនិយោគ ពិធីបុណ្យម្ហូប និងកម្មវិធីជជែកដេញដោល ព្រមទាំងមានស្តង់ចូលរួមជាង ១០០ ដោយដាក់តាំងបង្ហាញផលិតផលនិងសេវាកម្ម ដែលនឹងចូលរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងបន្ថែមតម្លៃដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី រួមបញ្ចូលទាំងទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការវិនិយោគ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មសរុបបានឈានដល់លើស ១ប៊ីលានដុល្លារ កើនឡើងប្រមាណ ១៥% បើធៀបនឹងឆ្នាំ២០២២។ លោកស្រីរដ្ឋមន្ត្រី បានមានជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរនឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបនវានុវត្តន៍ ដូចជា ព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” នេះ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើសកម្មភាពពាណិជ្ជកម្មថ្មីៗ។ ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមនិងរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានញឹកញាប់ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកសក្តានុពល ឱកាសថ្មីៗ និងបង្កើតភាពជាដៃគូថ្មី។
មុននឹងបញ្ចប់ លោកស្រីរដ្ឋមន្ត្រី បានជម្រាបជូនថា ឆ្នាំចុងនេះ ក្រសួងពាណិជ្ជកម្មនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំមួយគឺ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE) លើកទី១៧” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅ PH Grand Hall បុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន ដែលមានការចូលរួមពីអ្នកតាំងពិព័រណ៍ជាតិ និងអន្តរជាតិជាច្រើនរូប៕ដោយ៖តារា