សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៤ បានផ្សាយថា ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បានឱ្យដឹងថា អ្នកស្លាប់ក្នុងប្រទេសវៀតណាម ដោយសារតែព្យុះទីហ្វុង Yagi ដែលបង្កការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ បានកើនឡើងដល់ ២២៦នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈទឹកជំនន់ក្នុងរដ្ឋធានីហាណូយ កំពុងចាប់ផ្តើមស្រកចុះ។
ប្រទេសអាស៊ានមួយនេះ បានធូរស្បើយខ្លះហើយពីឥទ្ធិពលនៃព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏ខ្លាំងបំផុតបោកបក់មកលើ តំបន់អាស៉ី ក្នុងឆ្នាំនេះ និងបានវាយលុកលើឆ្នេរសមុទ្រភាគឦសានប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ មនុស្សជាង ១០០នាក់កំពុងបាត់ខ្លួននៅឡើយ ខណៈ ៨០០នាក់រងរបួស។
គិតត្រឹមថ្ងៃព្រហស្បតិ៍ សង្កាត់មួយចំនួន ក្នុងរដ្ឋធានីហាណូយ នៅបន្តជន់លិចដោយទឹកជំនន់ ប៉ុន្តែទីភ្នាក់ងារឧតុនិយមនិយាយថា ទឹកកំពុងស្រកចុះខ្លះៗហើយ ប៉ុន្តែទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី នៅតែបន្តប៉ះពាល់ទូទាំងភាគខាងជើងប្រទេសវៀតណាម។ តាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ បានជន់លិចស្រូវ និងដំណាំលើផ្ទៃដីសរុបជាង ២០០,០០០ហិកតា នៅទូទាំងតំបន់ភាគខាងជើង។
ព្យុះទីហ្វុងនេះ ក៏បានរំខាន់ដល់បណ្តាញផ្គត់ផ្គង់ថាមពលអគ្គិសនី និងធ្វើឱ្យខូចខាតរោងចក្រមួយចំនួន នៅឯខេត្ត Haiphong និង Quang Ninh ប៉ះពាល់ដល់ផលិតកម្ម។ ប្រទេសអូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានប្រកាសថា នឹងបញ្ជូនជំនួយសង្រ្គោះ ទៅកាន់ប្រទេសវៀតណាម។
ក្រៅពីវៀតណាម ប្រទេសដទៃទៀតក្នុងតំបន់ រួមមានឡាវ ថៃ និងមីយ៉ាន់ម៉ា ក៏បានទទួលរងគ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយឥទ្ធិពល នៃព្យុះ Yagi ថែមទៀតផង។ រីឯមុនពេលមកដល់វៀតណាម កាលពីចុងសប្តាហ៍មុន ព្យុះទីហ្វុងដ៏កំណាចនេះ បានវាយប្រហារប្រទេសហ្វីលីពីន និងដែនកោះ Hainan ភាគខាងត្បូងប្រទេសចិន៕
រូបថត:baolaocai