សូមប្រុងប្រយ័ត្ន​! មានករណីក្រុមជនខិលខូចបន្លំខ្លួនជាបុគ្គលិករបស់អគ្គិសនីកម្ពុជា​ ឱ្យអតិថិជនភ្ជាប់តំណ Link ដើម្បីឈានទៅធ្វើការបោកប្រាស់តាមរូបភាពផ្សេងៗ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា មានកិត្តិយស សូមទូលថ្វាយ និងជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ដែលជាអតិថិជនរបស់អគ្គិសនីកម្ពុជាទាំងអស់មេត្តាជ្រាបថា៖ ស្របពេលដែលអគ្គិសនីកម្ពុជាកំពុង ជំរុញបច្ចេកវិទ្យាឌីជីថលតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាលដោយបង្កើត EDC App ដើម្បីបង្កើនប្រសិទ្ធភាពការងារកាត់បន្ថយ ការចំណាយពេលវេលា និងថវិកាទាំងអតិថិជន និងអគ្គិសនីកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា។

ជាមួយគ្នានេះ ក៏មានដំណឹងថាមានជនខិលខូចមួយចំនួនតូចបានឆ្លៀតឱកាសបន្លំខ្លួនជាបុគ្គលិករបស់ អគ្គិសនីកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអតិថិជនឱ្យភ្ជាប់ EDC App បន្ទាប់មកស្នើឱ្យអតិថិជនភ្ជាប់តំណ Link បន្ថែម របស់គេ ដើម្បីឈានទៅធ្វើការបោកប្រាស់អតិថិជនដោយបញ្ឆោតថា នឹងទទួលបានការបញ្ចុះថ្លៃអគ្គិសនី ឬប្រាក់ រង្វាន់ផ្សេងៗ។ល។

ទោះបីជារហូតមកដល់ពេលនេះ អគ្គិសនីកម្ពុជាពុំទាន់បានទទួលព័ត៌មានអំពីការចាញ់កលល្បិចក៏ដោយ ដើម្បីបង្ការនូវបញ្ហាខាងលើនេះ អគ្គិសនីកម្ពុជាសូមជម្រាបជូនថា EDC App គឺប្រើសម្រាប់ទទួលបានវិក្កយបត្រ ឌីជីថល ការត្រួតពិនិត្យវិក្កយបត្រទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ប្តូរ-បច្ចុប្បន្នភាពព័ត៌មាន (ឈ្មោះ អាសយដ្ឋាន…) ស្នើបន្តចរន្តថ្មី តម្លើងកម្លាំង ព្រមទាំងអាចតាមដានឯកសាររបស់ខ្លួន និងសារជូនដំណឹងផ្សេងៗដោយស្វ័យប្រវត្តិ។ អគ្គិសនីកម្ពុជាសូមបញ្ជាក់ថា គ្មានការភ្ជាប់តំណ Link អ្វីផ្សេងនោះឡើយ ក្រៅពី EDC App ជាមួយមាតិកាខាងក្នុង ដែលមានតាមតម្រូវការ។ ដូចនេះសូមអតិថិជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកបញ្ឆោត ពីក្រុមជន ខិលខូច ដែលអាចចូលមកគ្រប់គ្រងគណនីរបស់លោកអ្នក បង្កើតបញ្ហាផ្សេងៗ ក៏ដូចជាការធ្វើឱ្យបាត់បង់នូវថវិកា និងពេលវេលា។

ទន្ទឹមនឹងនេះ អគ្គិសនីកម្ពុជាកំពុងធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ របស់ ក្រសួងមហាផ្ទៃ ដើម្បីប្រមូលភស្តុតាង វែកមុខចាប់ខ្លួនជនខិលខូចទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់។ អគ្គិសនីកម្ពុជា នឹងផ្សព្វផ្សាយជាវីដេអូខ្លីៗអំពីការប្រើប្រាស់ EDC App។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ដែលជាអតិថិជន របស់អគ្គិសនីកម្ពុជា មេត្តាជ្រាបជាព័ត៌មាន ដោយក្តីអនុគ្រោះ៕ដោយ​៖តារា​

...

ខាងក្រោមនេះ​ជាសេចក្ដី​ជូនដំណឹង​លម្អិត​របស់​អគ្គីសនីកម្ពុជា​៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print