ខេត្តឧត្តរមានជ័យ ៖ ទីស្នាក់ការថ្មីសន្លាង របស់ស.ស.យ.ក. ខេត្តឧត្តរមានជ័យ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. អមដំណើរដោយ លោក គីម រិទ្ធី អនុប្រធានស.ស.យ.ក. លោក លោកស្រី សមាជិក សមាជិកា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលស.ស.យ.ក. រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តឧត្តរមានជ័យ សរុបប្រមាណ ៣៦២រូប នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៤។
មានប្រសាសន៍ទៅកាន់អង្គពិធី លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ខេត្តឧត្តរមានជ័យទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជានាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការអបអរចំពោះសមិទ្ធផលនានាដែលស.ស.យ.ក. ខេត្តឧត្តរមានជ័យ បានសម្រេចបាន ជាពិសេសនោះ គឺអគារទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានធ្វើការអបអរសាទរ ចំពោះលោក មាន ចាន់យ៉ាដា ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាការ ស.ស.យ.ក. ខេត្តឧត្តរមានជ័យផងដែរ។
លោក ហ៊ុន ម៉ានី ជឿជាក់យ៉ាងមុតមាំថា ទីស្នាក់ការថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ សម្រាប់យុវជន ក្នុងនោះការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ទាំងនៅក្នុងខេត្តឧត្តរមានជ័យផ្ទាល់ និងបណ្ដាខេត្តជិតៗនេះផងដែរ។ លោក ក៏បានបន្ថែមផងដែរថា ការជួបជុំគ្នាថ្ងៃនេះ មិនត្រឹមតែដើម្បីអបអរសាទរ ចំពោះសមិទ្ធផលដ៏ថ្លៃថ្លា ដែលស.ស.យ.ក. ខេត្តឧត្តរមានជ័យ ទើបសម្រេចបានប៉ុណ្ណោះទេ តែជាឱកាសបង្ហាញពីបេសកម្ម ដោយបានសម្រេចអស់រយៈពេល១២ឆ្នាំ កន្លងមកនេះ ដែលក្រុមគ្រួសារស.ស.យ.ក.បានរួមដៃគ្នាសហការ និងរួបរួមសាមគ្គីគ្នាជាកម្លាំង និងឆន្ទៈ ឥតងាករេ ក្នុងការបន្ត ខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត។
សូមជម្រាបជូនថា ដោយមានការគាំទ្រ និងជ្រោមជ្រែងពី លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. លោក គីម រិទ្ធី អនុប្រធាន ស.ស.យ.ក. អគារថ្មីរបស់ស.ស.យ.ក. ខេត្តឧត្តរមានជ័យ ត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីខែមករា ឆ្នាំ២០២២ និងទើបតែត្រូវបានបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា អគារមានទំហំ ១,០៨០ ម៉ែត្រក្រឡា កម្ពស់២ ជាន់ និងមាន១០ បន្ទប់៕