ភ្នំពេញ ៖ ជនសង្ស័យ០៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការចាប់ឃាត់ខ្លួននិងបង្ហាញមុខជាសាធារណៈនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ មុនបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់ បន្ទាប់ពីពួកគេប្រេីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកូនកាំបិតចាក់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ចំនួន០២នាក់ ដោយបង្កឡេីងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះចំនួន០២នាក់ រួមមាន ៖ ទី០១ឈ្មោះ ហោន ភារុំ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី០២ឈ្មោះ រឿន រាជ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យចំនួន០៥នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី០១ឈ្មោះ ខាន់ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី០២ឈ្មោះ ប៉ូវ ប៉ោត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី០៣ឈ្មោះផន វិច្ឆិកា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី០៤ឈ្មោះ ផល្លា ត្រឺ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី០៥ឈ្មោះ អ៊ូច សារឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយជនសង្ស័យខាងលេីនេះឃាត់ខ្លួននៅវេលាម៉ោង០៥និង០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៧និង០០នាទី ជនរងគ្រោះឈ្មោះ រឿន រាជ ភេទប្រុស អាយុ ២០ឆ្នាំ និងជនរងគ្រោះឈ្មោះ ហោន ភារុំ ភេទប្រុស អាយុ២២ឆ្នាំ រួមជាមួយឈ្មោះ រឿន រាម ភេទប្រុស អាយុ១៨ឆ្នាំ (ត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ រឿន រាជ) ក្រោយសម្រាកពីការងារជាកម្មករសំណង់ ក៏បាននាំគ្នា ផឹកស៊ីនៅកន្លែងធ្វើការ ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដោយបានផឹកស្រាបៀរ កម្ពុជា ចំនួន០១កេស ។ រហូតដល់វេលាម៉ោង២០និង៥០នាទីថ្ងៃខែឆ្នាំដដែល ជនរងគ្រោះឈ្មោះ រឿន រាជ ត្រូវបានប្រពន្ធ ទូរស័ព្ទហៅឱ្យត្រឡប់ទៅផ្ទះ ក៏បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HQ-9526 ទៅផ្ទះមុន ។ មួយសន្ទុះក៏ជនរងគ្រោះឈ្មោះ រឿន រាជ បាន ជិះម៉ូតូត្រឡប់មកវិញប្រាប់ថា ពេលជិះម៉ូតូទៅតាមផ្លូវមានគេគប់សំបកកំប៉ុងស្រាបៀរត្រូវជើងរបស់គាត់ (ជនរងគ្រោះ ឈ្មោះ រឿន រាជ) រួចជនរងគ្រោះឈ្មោះ ហោន ភារុំ ក៏បាននិយាយថា ចាំរូបគាត់ (ជនរងគ្រោះឈ្មោះ ហោន ភារុំ) ទៅសួរនាំឱ្យ រួចក៏បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JE-2694 ចេញទៅមុន ចំណែក ជនរងគ្រោះឈ្មោះ រឿន រាជ ជិះម៉ូតូចេញទៅតាមក្រោយ ហើយឈ្មោះ រឿន រាម ក៏បានជិះម៉ូតូម៉ាកធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1GX-1597 ទៅតាមពីក្រោយដែរ ។ ពេលជនរងគ្រោះជិះម៉ូតូម្នាក់០១គ្រឿង ទៅដល់ក៏បានឃើញ ជនសង្ស័យចំនួន០៥នាក់ខាងលេីកំពុងអង្គុយផឹកស៊ី ។ ហើយជនរងគ្រោះឈ្មោះ ហោន ភារុំ ក៏បានសួរនាំក្រុម ជនសង្ស័យថា ម៉ិចបានយកកំប៉ុងស្រាបៀរគប់ទៅលើឈ្មោះ រឿន រាជ អញ្ចឹង? ហើយជនសង្ស័យទាំង០៥នាក់ ក៏បាន ឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះ និងបានប្រតាយប្រតប់គ្នា ពេលនោះជនសង្ស័យឈ្មោះ អ៊ូច សារឿន (ម្ចាស់ផ្ទះ) បានយកកូនកាំបិតចិតបន្លែចាក់ទៅលើជនរងគ្រោះឈ្មោះ ហោន ភារុំ ចំនួន០២កូនកាំបិតត្រូវចំពោះរងរបួសធ្ងន់ រួច ជនរងគ្រោះឈ្មោះ រឿន រាជ និងឈ្មោះ រឿន រាម បានចូលទៅជួយក៏ត្រូវជនសង្ស័យឈ្មោះ អ៊ូច សារឿន ចាក់ត្រូវ ចំពោះជនរងគ្រោះឈ្មោះ រឿន រាជ ម្នាក់ទៀតចំនួន០១កូនកាំបិតដែររងរបួសធ្ងន់ ហើយក្រុមជនសង្ស័យទាំង០៥នាក់ បានព្រួតគ្នាវ៉ៃទៅលើជនរងគ្រោះទាំងពីរនាក់ និងឈ្មោះ រឿន រាម ថែមទៀត តែឈ្មោះ រឿន រាម មិនមានរងរបួសទេ ។ ពេលនោះជនរងគ្រោះ ក៏បាននាំគ្នារត់គេចខ្លួនបានចំងាយ១០០ម៉ែត្រ ឈ្មោះ រឿន រាម ក៏បានហៅផាសអាប់ដឹក ជនរងគ្រោះ ដែលរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ។
បន្ទាប់មកក៏មានអ្នកជិតខាងបានទូរស័ព្ទរាយការណ៍ប្រាប់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅ ឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ខាងលេីយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋ បាលសាក់សំពៅតាម នីតិវិធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ អ៊ួច សារឿន បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេពិតជាបានធ្វើសកម្មភាព ប្រើកូនកាំបិតចិតបន្លែ ចាក់ទៅលើ ជនរងគ្រោះ ទាំង០២នាក់បណ្តាលឱ្យរងរបួសធ្ងន់ ហើយបានបោះកូនកាំបិតនោះចោលទៅក្នុងព្រៃមុខផ្ទះបាត់ ។ ដោយឡែក ជនស្ស័យចំនួន០៤នាក់ទៀតទី០១ឈ្មោះ ប៉ូវ ប៉ោត ទី០២ឈ្មោះ ផន វិច្ឆិកា ទី០៣ឈ្មោះ ខាន់ សុខហេង ទី០៤ឈ្មោះ ផល្លា ត្រឺ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកខ្លួន (ជនសង្ស័យ) ពិតជាបានចូលរួមធ្វើសកម្មភាពវ៉ៃទៅលើ ជនរងគ្រោះប្រាកដមែន ។ បន្ទាប់មក រួចឈ្មោះ រឿន រាម (ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះឈ្មោះ រឿន រាជ) និងឈ្មោះ ហោន ភារី ភេទស្រី អាយុ៣០ឆ្នាំ (ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ ហោន ភារុំ) ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះ ជនសង្ស័យទាំង០៥នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។ ចំពោះជនរងគ្រោះទាំងពីរនាក់ រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី សមត្ថកិច្ចមិនអាចធ្វើការបំភ្លឺបានទេ ៕ ដោយ ៖ ភារ៉ា ដង្កោ