ភ្នំពេញ ៖ ក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន៖ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តចំនួន៥៦គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ទៅដើរលេងខេត្តភាគឦសាន ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «នៅឆ្នាំនេះ គាត់ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមឡាន៥៦គ្រឿង សម្រាប់រត់ទៅខេត្ដទិសឦសាន ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី ពេលបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ កុំឲ្យពិបាកចំណាយរថយន្ដ»។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តជាង៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការរៀបចំនេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលតែងតែត្រៀមរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត ពេលបុណ្យជាតិ និងកម្មវិធីជាតិធំៗ ដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងការបោះឆ្នោត ជាតិជាដើម ដោយឥតគិតថ្លៃ។ ការដឹក ជញ្ជូនបងប្អូនប្រជាពលរដ្ឋ ពីភ្នំពេញទៅ តាមបណ្តាខេត្ត និងពីខេត្តមករាជធានីភ្នំពេញវិញនេះ គឺដើម្បីជួយសម្រួលដល់ ការចំណាយ របស់ បងប្អូនប្រជាពលរដ្ឋក្នុងការ ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំ បងប្អូន ក្រុមគ្រួសារ ក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌកាន់ តែខិតជិតមក ដល់ហើយនោះ។
រាជរដ្ឋាភិបាលគិតគូរជានិច្ចចំពោះជនរួមជាតិ ស្របពេលដែលវិស័យផ្លូវគមនាគមន៍ មានការរីកចម្រើន អាចផ្តល់ឱ្យបងប្អូនធ្វើដំណើរបានស្រួល សុវត្ថិភាព ២៤ម៉ោងលើ២៤ម៉ោង ៕