២សប្ដាហ៍ដើមខែកញ្ញា នគរបាលជាតិបានបង្ក្រាបបទល្មើសជាង២០០ករណី នៅទូទាំងប្រទេស !

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានប្រតិបត្តិការបង្ក្រាបបទល្មើសនៅទូទាំងប្រទេស បានចំនួនជាង ២០០ករណី និងបង្រ្កាបល្បែងស៊ីសងជាង ២០ទីតាំង។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ពីចំណែកនៃកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួនជាង៥០ករណី (អំពើហិង្សា ឆបោក លួច ឆក់ ប្លន់ ប្រើប្រាស់អាវុធខុសច្បាប់ និងមនុស្សឃាត) បទល្មើសគ្រឿងញៀនជាង១០០ករណី  បទល្មើសក្មេងទំនើងជាង២០ករណី និងបទល្មើសល្បែងសុីសងជាង២០ទីតាំង ខណៈជនសង្ស័យភាគច្រើនបានបញ្ជូនទៅតុលាការ និងមួយចំនួនតូចបានអប់រំធ្វើកិច្ចសន្យា។  

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានចាត់ទុកលទ្ធផលនៃកិច្ចប្រតិបត្តិការនេះថាជាបេសកកម្មស្នូលមួយរបស់មន្រី្តនគរបាលជាតិនៃក្រសួងមហាផ្ទៃ ដែលត្រូវតែអនុវត្តជាចាំបាច់ ដើម្បីថែរក្សាសុខសន្តិភាពសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ខណៈបណ្ដាប្រទេសនានាលើពិភពលោកនេះ សុទ្ធតែបាននឹងកំពុងប្រឈម និងក៏កំពុងដោះស្រាយ តាមច្បាប់និងវិធានការរៀងៗខ្លួនដូចគ្នាដែរ។ 

គួរកត់សម្គាល់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ជំរុញឱ្យអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងនោះកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃបានដើរតួនាទីសំខាន់ក្នុងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាពចំនួន៦ ព្រមទាំងបានចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ បង្ការ និងបង្រ្កាប នូវរាល់បទល្មើសផ្សេងៗក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕ 

ដោយ ៖ សេង បូលីន

មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print