ឃុំចំនួន៥ ក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង សមត្ថកិច្ច អាជ្ញាធរ ជួយអន្តរាគមន៍

ចែករំលែក៖

ខេត្តក្រចេះ ៖ ជំនន់ទឹកភ្លៀង បានបង្កឲ្យប៉ះពាល់នៅតាមឃុំចំនួន៥ ក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ ដោយសារទទួលរងឥទ្ធិពលព្យុះទី១៣ ឈ្មោះ ប៊ីបីនកា ជាមួយនិងព្យុះទី១៤ ឈ្មោះ ពូលឡាសាន (Pulasan) ដែលកើតលើគន្លងតែមួយ មានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី បក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ។

គិតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បង្កឲ្យប៉ះពាល់ឃុំចំនួន៥ ក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ ដូចខាងក្រោម៖

១-ឃុំដារ៖ មានភ្លៀងធ្លាក់ខ្លាំង ចាប់ពីម៉ោង១៖០០ ដល់ម៉ោង៤៖០០ភ្លឺ ធ្វើឲ្យមានជំនន់់ទឹកភ្លៀងខ្លាំង បានប៉ះពាល់លិចទីធ្លាវត្តដារ១កន្លែង, លិចសាលាបឋមសិក្សាដារ១កន្លែង, លិចមណ្ឌលសុខភាពដារ១កន្លែង, លិច និងហូកាត់ផ្លូវ១០កន្លែង ប្រវែងសរុប ១២៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិអញ្ចាញ និងភូមិស្ទឹងស្វាយ។

ក្នុងនោះ លិចក្រោមផ្ទះអ្នកភូមិចំនួន៣១ខ្នងផ្ទះ ស្មើ៣១គ្រួសារ មានចំនួន១៤១នាក់ ស្រី៧១នាក់ (ភូមិអញ្ចាញ)។

ចំណែកភូមិចំនួន៤ នៅជាប់ព្រែកទេបាន រួមមាន៖ ភូមិម្រ៉ើមលិចផ្លូវ ប្រវែង១,៥០០ម៉ែត្រ ភូមិតាងួន លិចផ្លូវប្រវែង៣៥០០ម៉ែត្រ, ភូមិជួរជ្រៃលិចផ្លូវប្រវែង១,២០០ម៉ែត្រ, ភូមិខ្នងពស់លិចផ្លូវ ប្រវែង៦៥០ម៉ែត្រ តែមិនប៉ះពាល់ដល់មនុស្ស និងសត្វទេ។ ពីព្រឹកមកដល់ពេលនេះ ទឹកបានស្រកផុត៥ខ្នងផ្ទះ និងផ្លូវមួយចំនួនហើយ។

២-ឃុំបុសលាវ៖ លិចស្រូវពង្រោះ១៧៣.៦ហិកតា ស្មើនឹង៤២៥គ្រួសារ ដែលមានមនុស្ស១០៧៥ ក្នុងនោះស្រី៥៩៨នាក់។ លិចផ្លូវលំ ១,៥៥០ម៉ែត្រ។ ចម្លងគោទៅលើទួលសុវិត្ថភាព បាន១៨០ក្បាល។ មិនទាន់លិចដល់ផ្ទះប្រជាជនទេ ចំពោះស្រូវប៉ះពាល់លិចគ្រប់ភូមិ។

៣-ឃុំថ្មី៖ ភូមិចម្រើន បានលិចស្ពានវេរប្រវែង៥៣ម៉ែត្រ កម្ពស់ទឹក១ម៉ែត្រកន្លះ, ភូមិទ្រាបបានលិចនៅស្ពានវេប្រវែង១៥០ម៉ែត្រ កម្ពស់ទឹក២ម៉ែត្រកន្លះ, ស្វាយជ្រុំបានលិចស្ពានវេរ ទំនប់ស្វាយជ្រុំប្រវែង៤៥ម៉ែត្រ កម្ពស់ទឹក០.៣០ម៉ែត្រ ភូមិត្នោតបានលិចស្ពានវេរប្រវែង១៥ម៉ែត្រ កម្ពស់ទឹកចំនួន០.៩០ម៉ែត្រ។

៤-ឃុំកន្ទួត៖ ភូមិអន្ទង់វៀន បានលិចផ្លូវក្នុងភូមិ ប្រវែង៦៨០ម៉ែត្រ កម្ពស់ទឹក០.៥ម៉ែត្រ ផ្លូវភូមិកន្ទួត-ភូមិអន្ទង់វៀន លិចនៅស្ពានអូខ្នាច ប្រវែង១៥០ម៉ែត្រ កម្ពស់ទឹក០.៥ម៉ែត្រកន្លះ។ ភូមិអង្គ្រងលិចផ្លូវប្រវែង ៦៧ម៉ែត្រ កម្ពស់ទឹក ០.៥ម៉ែត្រ។

៥-ឃុំសំបុក៖ ភូមិសំបុកលិចផ្លូវលំ អស់ចំនួន៤៥០ម៉ែត្រ។

ជាមួយគ្នានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) ខេត្ដក្រចេះ ក៏បានចេញសេចក្តីណែនាំ ស្តីពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ រងគ្រោះទឹកជំនន់ ក្នុងមូលដ្ឋានខេត្តក្រចេះ ផងដែរ។ តំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ នឹងមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ បណ្តាលឲ្យទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ នឹងហក់ឡើងដល់កម្ពស់ ២០.៩៧ម៉ែត្រ ក្នុងរយៈពេល ៣ទៅ៥ថ្ងៃខាងមុខនេះ។ 

ក្នុងន័យនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) សូមធ្វើការណែនាំ ដល់មន្ទីរ ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដូចខាងក្រោម៖ 

• រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទ ត្រូវត្រួតពិនិត្យធនធានសម្ភារ និងកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងសង្គ្រោះបន្ទាន់គ្រោះទឹកជំនន់។ 

• រដ្ឋបាលក្រុង/ស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំ/សង្កាត់ ភូមិ ដើម្បីរៀបចំ និងសម្អាត ទីទួលសាធារណៈ និងទីទួលសុវត្ថិភាព ដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋ។

• រដ្ឋបាលក្រុង/ស្រុក ត្រូវតាមដានព័ត៌មានអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គដែលព្យាករណ៍ដោ ក្រសួង-ស្ថាប័នជំនាញ និងផ្សព្វផ្សាយបន្ត ឱ្យដល់ប្រជាពលរដ្ឋពិសេស ជនងាយរងគ្រោះ និងគ្រួសារ ងាយរងហានិភ័យ។

• រដ្ឋបាលក្រុង/ស្រុក ត្រូវណែនាំដល់ឃុំ/សង្កាត់ និងភូមិ ត្រូវបំពេញទម្រង់របាយការណ៍ទឹកជំនន់ ហើយ ត្រូវធ្វើរបាយការណ៍តាមប្រព័ន្ធ Telegram និងតាមប្រព័ន្ធ PRISM មកកាន់លេខាធិការដ្ឋាន នៃ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ជាប់ជាប្រចាំ។ 

• មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បន្តកត់ត្រា និងផ្តល់ព័ត៌មានបច្ចុប្បន្នភាព ស្តីពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គរៀងរាល់ថ្ងៃ មកកាន់ គ.គ.ម.ខ.។ 

• មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវណែនាំគ្រប់សាលារៀនឱ្យណែនាំបន្តដល់សិស្សានុសិស្ស និង អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុវត្តិភាព ការធ្វើដំណើររបស់សិស្សនៅតំបន់ទឹកជំនន់។ 

• ប្រជាពលរដ្ឋ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គជាប់ជាប្រចាំ និងត្រូវម្ចាស់ការ ឬ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំង ដែលត្រូវជម្លៀសសត្វពាហនៈ និងក្រុមគ្រួសារ ទៅទីទួលសុវត្ថិភាព ក្នុងករណីទឹកជំនន់មានការគំរាមកំហែងដល់សុវត្ថិភាព។ 

អាស្រ័យហេតុនេះ សូមមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុក និងប្រជាពលរដ្ឋ រៀបចំចាត់ចែង និងចូលរួម អនុវត្តសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print