ភ្នំពេញ៖ យោងតាមការអង្កេត និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រ កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ (Tropical Depression) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល ប្រទេសវៀតណាម និងភាគកណ្តាលនៃអាងទន្លេមេគង្គ។
ប្រព័ន្ធវិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំង លើព្រះរាជាណាចក្រ កម្ពុជា ហើយលក្ខខណ្ឌបែបនេះនឹងបណ្តាលឱ្យ៖
១) តំបន់វាលទំនាប៖ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមាន ខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនមធ្យម ដែលរួមមានដូចជា ខេត្តបន្ទាយមានជ័យ តាកែវ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងរាជធានីភ្នំពេញ
២) តំបន់ខ្ពង់រាប៖ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បកក្នុងកម្រិតល្បឿនបង្ករ ដែលរួមមានដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំក្រវាញ
៣)តំបន់មាត់សមុទ្រ៖ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនខ្លាំងលើសពីកម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនខ្លាំងគួរឱ្យកត់សម្គាល់ ដែល រួមមានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចជាកត្តាបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ។
ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូន សាធារណជនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕ដោយ៖តារា