ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយរថយន្តហ៊ីយ៉ាន់ដាយ ដាច់កង់រេចង្កូតបុកម៉ូតូជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ក្នុងដំណើរច្រាស់ទិសគ្នា ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧៤និង៧៥ ស្ថិតក្នុងភូមិចាថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះដែលស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះប្លុង ធី អាយុ២២ឆ្នាំ រស់នៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហ្ស៊ុយសុយគី វីវ៉ា ពណ៌ខ្មៅ ។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង នៅពីមុខរថយន្តមួយគ្រឿង នៅពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌សលាយខៀវ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា បើកក្នុងល្បឿនយ៉ាងលឿននោះបានដាច់កង់ មួយចំហៀងហើយរេចង្កូតទៅបុកម៉ូតូពេញមួយទំហឹង និងអូសទាំងមនុស្សទាំងម៉ូតូទៅបុករថយន្តមួយគ្រឿងដែលធ្វើដំណើរពីក្រោយម៉ូតូ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ចំណែកឯកម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ ។
ពាក់ព័ន្ធនិងករណីនេះប៉ូលីសចរាចរណ៍ស្រុករលាប្អៀរ និង ប៉ូលីសប៉ុស្តិអណ្តូងស្នាយ មិនបានបង្ហាញអត្តសញ្ញាណរថយន្តបង្កនោះដែរ ដោយព្យាយាមលាក់បំបាំង សូម្បីតែស្លាកលេខរថយន្តក៏ប្រាប់ថាអត់ដឹងដែរ ។ មធ្យោបាយបង្កទាំងសងខាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕
ដោយ៖ ចន្ថា