អភិបាល​ខេត្ត​ព្រះសីហនុ​៖​ អាជ្ញាធរត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប្រចាំ ពិសេសជួយជម្លៀសពលរដ្ឋរងគ្រោះ ចាស់ជរា និងកុមារទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា

ចែករំលែក៖

​ខេត្ត​ព្រះសីហនុ៖​ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះ មានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។

ការណែនាំ​បែបនេះ​របស់លោក​អភិបាលខេត្ត​ ក្នុងឱកាសនោះចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលធ្វេីឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្ដោយប្រឡាយត្រង់ចំណុចស្ពានភូមិបន្ទាយប្រិយ៍ (ព្រំប្រទល់ឃុំអណ្ដូងថ្ម និងឃុំសំរុង) និងបណ្ដាឃុំមួយចំនួនទៀតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សូមជម្រាបជូនថា​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ចំនួន១៦នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ថៃ គឹមសាន មេបញ្ជាការ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំរួមដោយ លោក សុនពិសី អភិបាលរងស្រុកស្ទឹងហាវ បានចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង លិចលង់ផ្ទះសម្បែង ចំនួន១០គ្រួសារ នៅចំណុចដីសម្បទានសង្គមកិច្ច ស្ថិតក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ចំពោះមុខ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង សមត្ថកិច្ចចម្រុះបានជម្លៀសពួកគាត់ មកកាន់ទីទួលសុវត្ថិភាព នៅទីតាំងមណ្ឌលសុខភាពអូរតាសេក។

...

ជាមួយគ្នានេះ​ លោកវរសេនីយ៍ត្រី ម៉ែន វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានដឹកនាំកម្លាំងក្រោមឱវាទ ចំនួន១៥នាក់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះត្រួតពិនិត្យមើលលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ និងទីតាំងដែលងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះ ឱ្យបានទាន់ពេលវេលា មានចំនួន ០៣ឃុំ៖​ ឃុំអណ្តូងថ្ម, ឃុំទួលទទឹង, ឃុំព្រៃនប់ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print