សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៤ បានផ្សាយថា ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានសន្យាថា ប្រទេសរបស់លោកនឹងធ្វើឱ្យទំនាក់ទំនងជាមួយរុស្ស៉ី កាន់តែស៉ីជម្រៅ ដើម្បីប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច ចំពេលដែលអាមេរិកកំពុងបារម្ភពីលទ្ធភាពដែលទីក្រុងតេហេរ៉ង់ ផ្គត់ផ្គង់មីស៉ីលឱ្យទីក្រុងមូស្គូ។
មន្រ្តីសន្តិសុខកំពូលរុស្ស៉ី លោក Sergei Shoigu បានទៅដល់រដ្ឋធានីតេហេរ៉ង់ មួយថ្ងៃបន្ទាប់ពីជួបប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង។ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ង់ IRNA បានដកស្រង់សម្តីរបស់លោក Pezeshkian ដែលប្រាប់ទៅកាន់ទីប្រឹក្សាសន្តិសុខជាតិ លោក Shoigu ដូច្នេះថា «រដ្ឋាភិបាលរបស់ខ្ញុំ នឹងតាមដានយ៉ាងយកចិត្តទុកដាក់នូវកិច្ចសហប្រតិបត្តិការ និងវិធានការដែលកំពុងបន្ត ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ទំនាក់ទំនងរវាង ទីក្រុងតេហេរ៉ង់-ទីក្រុងមូស្គូ នឹងអភិវឌ្ឍតាមរបៀបជាអចិន្ត្រៃយ៍ ក៏ដូចជាដើម្បីកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្មលោកខាងលិច»។
អ៉ីរ៉ង់ បានបដិសេធបញ្ជូនមីស៉ីលបាលីស្ទិកទៅរុស្ស៉ី ខណៈដែលរុស្ស៉ីថា មានតែអ៉ីរ៉ង់ដែលជាដៃគូគ្រប់ផ្នែករបស់ខ្លួន។ ដំណើរទស្សនកិច្ចរបស់ លោក Shoigu នៅអ៉ីរ៉ង់នាពេលនេះធ្វើឡើង ចំគ្រាដ៏សំខាន់មួយនៃសង្រ្គាម ដោយអ៊ុយក្រែន បាននិងកំពុងដាក់សម្ពាធឱ្យអាមេរិក និងសម្ព័ន្ធមិត្តអនុញ្ញាតឱ្យខ្លួនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារចូលទឹកដីរុស្ស៉ី៕ ដោយធីរីណា
រូបថត: Reuters