សារព័ត៌មាន Reuters នៅថ្ងៃទី ១៩ ខែកញ្ញាបានផ្សាយថា ព្យុះត្រូពិកមួយត្រូវបានព្យាករថានឹងវាយប្រហារលើភាគកណ្ដាលប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងដែលអាចនឹងបង្កជា គ្រោះទឹកជំនន់ដ៏គ្រោះថ្នាក់ បន្ទាប់ពីតំបន់ភាគខាងជើងរងការវាយប្រហារដោយព្យុះ Yagi។
ព្យុះត្រូពិកខាងលើដែលត្រូវបានហៅថាព្យុះលេខ ៤ ឬ Storm No.4 នៅក្នុងប្រទេសវៀតណាម ត្រូវបានអាជ្ញាធរឧតុនិយមវៀតណាមព្យាករថានឹងវាយប្រហារលើតំបន់ឆ្នេរចាប់ពីខេត្ត Quang Tri រហូតដល់ខេត្ត Quang Nam នៅល្ងាចថ្ងៃពុធនេះ ជាមួយល្បឿនខ្យល់ ១០២គីឡូម៉ែត្រក្នុងមួយម៉ោង។
វៀតណាម ទើបតែរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះសង្ឃរា Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ីនៅឆ្នាំ២០២៤នេះ។ ព្យុះនេះវាយប្រហារលើភាគខាងជើងវៀតណាម កាលពីជិត២សប្ដាហ៍មុន ដោយសម្លាប់មនុស្សជាង ២៩០នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ ១.៦ពាន់លានដុល្លារ។ ព្យុះ លេខ៤ អាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជាមួយកម្រិតទឹកភ្លៀងចន្លោះ ពី ១០០ ទៅ ៣០០មីលីម៉ែត្រ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ រហូតដល់ថ្ងៃសុក្រ នៅភាគខាងកណ្ដាលវៀតណាម ក្នុងនោះរួមមានទាំងតំបន់ទេសចរណ៍ Danang ផងដែរ៕
រូបថត: TTXVN