ឯកឧត្ដម ឃួង ស្រេង រដ្ឋបាលរាជធានីភ្នំពេញ មានការងារយ៉ាងច្រើន ដែលយើងបាននឹងកំពុងអនុវត្ត ហើយក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដែលយើងបាន និងកំពុងដោះស្រាយ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖  រដ្ឋបាលរាជធានីភ្នំពេញ មានការងារយ៉ាងច្រើន ដែលយើងបាននិងកំពុងអនុវត្ត ហើយក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដែលយើងបាននិងកំពុងដោះស្រាយ។ ឯកឧត្ដមអភិបាលរាជធានីបានបញ្ជាក់បែបនេះ នៅក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពីបញ្ហាប្រឈមនិងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ប្រធានព្រឹទ្ធសភា ស្ដីទីនិងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១  នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ព្រឹទ្ធសភានៃកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធាន នឹងបន្តដឹកនាំប្រទេសកម្ពុជាដោយភាពស្វាហាប់ ថាមពល និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់ជាច្រើន ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍រីកចម្រើនស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ រដ្ឋបាលរាជធានីភ្នំពេញ មានការងារយ៉ាងច្រើនដែលយើងបាននិងកំពុងអនុវត្ត ហើយក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដែលយើងបាននិងកំពុងដោះស្រាយ ។ សម្រាប់វេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពីបញ្ហាប្រឈមនិងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ នាពេលនេះ គឺក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារ ពីការកែទម្រង់ ប្រសិទ្ធភាពការងារ តម្លាភាពនិងសមធម៌ ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ ថ្នាក់ដឹកនាំរាជធានី ខណ្ឌ សង្កាត់និង មន្ទីរជំនាញនានាបានខិតខំប្រឹងប្រែងរហូតសម្រេចបានវឌ្ឍនភាពការងារសំខាន់ៗជាច្រើន តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលយើងយកមកដោះស្រាយ រួមគ្នាក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នាពេលនេះដែរ ក្នុងនោះរួមមាន ៖១-ការងារភូមិ សង្កាត់ មានសុវត្ថិភាព, ២-ការងារអត្តសញ្ញាណកម្មនិងអត្រានុកូលដ្ឋាន, ៣-ការងារលទ្ធកម្មតាមមូលដ្ឋាន, ៤.-ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន, ៥-ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងការងារ (ប.ស.ស) ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ប្រាក់ សុខុន ប្រធានព្រឹទ្ធសភាស្ដីទី ក្នុងឱកាសនោះ បានសម្តែងនូវការកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ ចំពោះការកែទម្រង់នានា សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនជាមួយនិងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ។

ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា៖ នៅរាជធានីភ្នំពេញពិតជាមានបញ្ហាប្រឈមច្រើននៅតាមមូលដ្ឋានសង្កាត់ទាំង១០៥ តែក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅពេលនេះ យើងជ្រើសរើសយកតែបញ្ហាប្រឈមណាដែលមានលក្ខណៈសមស្របមកដោះស្រាយមុន។ 

ឯកឧត្តម ប្រាក់ សុខុន បានបន្តថា៖ ការរួមគ្នាជាមួយព្រឹទ្ធសភា ក្នុងការចុះមូលដ្ឋានទាំង១០៥សង្កាត់ យើងប្រមូលបានបញ្ហាជាច្រើន មានទាំងវិជ្ជមាននិងអវិជ្ជមាន ដែលយើងអាចយកបញ្ហាទាំងអស់នោះមកគិតពិចារណា ដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។   

ឯកឧត្តមប្រាក់ សុខុន ក៏បានស្នើឱ្យអាជ្ញាធរនិងកងកម្លាំងទាំងអស់បន្តថែរក្សាសន្តិសុខ សុវត្ថិភាព បើទោះបីយើងរក្សាសុខ សន្តិភាពនេះបានល្អប្រសើរហើយក្តី ។

   ឯកឧត្តមប្រាក់ សុខុន បានរំលឹកថាកម្ពុជាយើងមានស្ដេចជាច្រើនបានកសាងប្រាសាទនៅទូទាំងប្រទេសបានជាង៤ពាន់ប្រាសាទទុកជាកេរវប្បធម៌ដ៏ល្បីល្បាញលើពិភពលោក។ សម័យនេះយើងមាន«សម្ដេចតេជោហ៊ុន សែន»កសាងប្រាសាទដែលធំជាងប្រាសាទជាង៤ពាន់ទៀតគីកសាងប្រាសាទសន្តិភាពដែលប្រជាជនមានភាពសុខសាន្ត។

ឯកឧត្តម ក៏បានស្នើឱ្យបន្តពង្រឹងរដ្ឋបាលសាធារណៈ បន្តយន្តការកែទម្រង់អភិបាលកិច្ច និងបន្តដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋអោយបានល្អប្រសើរ។ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងពិតជាមានមោទនភាពណាស់ ដោយយើងមានថ្នាក់ដឹកនាំប្រទេសដ៏ឆ្នើម មានការអភិវឌ្ឍ មានវប្បធម៌ប្រវត្តិសាស្ត្រល្អ និងមានសមាជិកក្រុមប្រឹក្សា ប៉ូលិសមូលដ្ឋានល្អ ក្នុងការបម្រើប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល៕ ដោយ ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print