ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីផ្សព្វផ្សាយនិងបញ្រ្ជាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថានទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានថ្លែងថា ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់នាពេលកន្លងទៅនេះ គឺជាផែនទីចង្អុលផ្លូវក្នុងការអនុវត្តច្បាប់របស់កម្ពុជា និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់តែប្រសិទ្ធភាពថែមទៀត។
លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ប្រសិនបើគ្មានច្បាប់ទេ ក៏មិនអាចមានបរិស្ថាន ប្រសិនជាគ្មានច្បាប់ទេ ក៏គ្មានធនធានធម្មជាតិដែរ ហើយបើគ្មានច្បាប់ទេ យើងក៏មិនអាចអនុវត្តការងារឱ្យសម្រេច តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញបានដែរ។ ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញដល់មន្រ្តីទាំងអស់ត្រូវយល់ដឹងអំពីក្រមបរិស្ថាន និងធនធានធម្មជាតិ និងយកទៅប្រើប្រាស់ក្នុងបុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម និងការឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានរំលឹកដល់មន្រ្តីក្រសួងបរិស្ថាន ឱ្យចូលរួមសហការជាមួយអាជ្ញាធរដែនដី និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ ជំរុញនិងបង្កើនប្រសិទ្ធភាពនៃការចូលរួម អនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីសម្រេចបាននូវ ភាពស្អាត ភាពបៃតង និងចីរភាព ព្រមទាំងដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ក្រមបរិស្ថាន និងធនធានធម្មជាតិ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលក្រមនេះ ត្រូវបានក្រសួងចំណាយពេលវេលាជាង៨ឆ្នាំ ដើម្បីចងក្រង និងឆ្លងកាត់ការពិនិត្យ សម្រេច និងអនុម័ត្រតាមដំណាក់កាលច្បាប់ជាបន្តបន្ទាប់។ ក្រមនេះត្រូវបានចែកជា១២កន្ថី និងមានមាត្រាសរុប៨៦៥៕