ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំសិក្ខាសាលា ស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនងទំនងជាមួយស្ថាប័នតុលាការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ជាសហប្រធានគណៈអធិបតី។
អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានសមាសភាពចូលរួមពីគ្រប់អង្គភាព និង ស្ថាប័នពាក់ព័ន្ធនៅទូទាំងប្រទេស រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋានរាជធានី ខេត្តទាំង ២៥ អធិការដ្ឋានក្រុង ស្រុក ខណ្ឌ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញានៃស្ថាប័នអយ្យការ ចៅក្រមនៃស្ថាប័នតុលាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ព្រមទាំងគណៈមេធាវី ដែលមានចំនួនសរុប ប្រមាណ៦០០នាក់។
គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះរួមមាន ៖
ទី១. ផ្តល់ឱកាសដល់តួអង្គពាក់ព័ន្ធទាំងអស់ រួមមាន ព្រះរាជាអាជ្ញា ចៅក្រម មេធាវី និងមន្ត្រីនគរបាលយុត្តិធ៌ ធ្វើការសិក្សាស្វែងយល់ ផ្លាស់ប្តូរចំណេះដឹង និងបទ ពិសោធន៍គ្នាទៅវិញទៅមក ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីឈានទៅដល់ការ ធ្វើកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ លើការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌសម្រាប់ពេលបច្ចុប្បន្ននិង អនាគត។
ទី២. ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការនីតិ វិធីនៃរឿងក្តីព្រហ្មទណ្ឌ ជាពិសេសក្នុងដំណាក់កាលនៃការបំពេញតួនាទីនិងភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
និងទី៣. ពង្រឹងកិច្ចសហការឱ្យកាន់តែល្អប្រសើរឡើងរវាង មន្ត្រីនគរបាលយុត្តិធម៌ ជាមួយព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងមេធាវី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការ អនុវត្តច្បាប់ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។
អង្គសិក្ខាសាលានេះ នឹងប្រមូលបានគោលគំនិតសំខាន់ៗ ចំណុចខ្វះខាត ការយល់ច្រឡំ និងសំណូមពរ ចាំបាច់នានា ដើម្បីជូនទៅក្រសួងយុត្តិធម៌ ស្ថាប័នតុលាការ និងអង្គភាពប្រតិបត្តិច្បាប់ពាក់ព័ន្ធ ជាមូលដ្ឋានក្នុង ការពិនិត្យ ពិចារណា និងកែសម្រួលលើការអនុវត្តតួនាទីនិងភារកិច្ចរវាងមន្ត្រីនគរបាលយុត្តិធម៌ ជាមួយព្រះរាជ អាជ្ញា ចៅក្រមស៊ើបសួរ និងមេធាវី ក្នុងការអនុវត្តនីតិវិធីព្រហ្មទណ្ឌឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ ស្របតាមបទ ប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីបង្កើនការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាពីសាធារណជនទូទៅ ស្របតាមកម្ម វិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ស្វាហាប់ និងទស្សនវិស័យកំណែទម្រង់របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕