ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន០៤នាក់ ពាក់ព័ន្ធករណីហិ ង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។
បេីតាមប្រភពព័ត៍មានពីមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៩ ខែកញ្ញាថ្មីៗនេះ បានឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ក្នុងចំណោម០៦នាក់ ពាក់ព័ន្ធករណីហិង្សា (វាយគ្នាទៅវិញទៅមកលេីផ្លូវសាធារណៈ) នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ជាប់របងព្រលានយន្តហោះភ្នំពេញ ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់៖
១.ឈ្មោះ យ៉ាត ស៊ីហ្វា ភេទប្រុស មុខរបរបុគ្គលិកក្លឹប មានទីលំនៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
២.ឈ្មោះ ស៊ុំ សុខអាន ភេទប្រុស មុខរបរ រត់តុ មានទីលំនៅ បន្ទប់ជួល ខណ្ឌដង្កោ។
៣.ឈ្មោះ ហេង លីហ្សា ភេទស្រី មុខរបរ បុគ្គលិកក្លឹប បន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
៤.ឈ្មោះ ផល ឧត្ដមស័ក្ត ភេទប្រុស មុខរបរ រត់តុ មានទីលំនៅ បន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាងចាប់យក៖ ម៉ូតូ Suzuki Nex ពណ៌ទឹកប្រាក់ ផលិតឆ្នាំ ២០២២ ពាក់ផ្លាកលេខ ឧត្ដរមានជ័យ 1F-5533។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖តារា