ភ្នំពេញ ៖ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ សម្ដេចមហាបវរធិបតី និងលោកស្រីបណ្ឌិត ជួយឧបត្ថម្ភគាំទ្រដល់ការ វះកាត់ឆ្អឹងកងចង្កេះ និងព្យាបាលជំងឺរបស់លោកពូ ឃឿន វ៉េត ៦៤ ឆ្នាំ មកពីក្រុងរុនតាឯក ដោយលោកពូមានជំងឺកៀបសរសៃប្រសាទឆ្អឹងខ្នង៣កាំ យូរឆ្នាំហើយ ស្ពឹកជើង ព្រមទាំងដើរមិនបានឆ្ងាយ។
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានចាត់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោកពូ ឃឿន វ៉េត អាយុ ៦៤ ឆ្នាំ មកពិនិត្យ និងវះកាត់ឆ្អឹងកងចង្កេះជូនលោកពូ។
ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បន្តថា ៖ បច្ចុប្បន្ន លោកពូត្រូវបានវះកាត់ឆ្អឹងកងចង្កេះ បានជោគជ័យ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ទន្ទឹមនេះផងដែរ សម្តេចធិបតី និងលោកស្រីបណ្ឌិត បានជួយឧបត្ថម្ភគាំទ្រនូវរាល់ការចំណាយទាំងអស់ក្នុងការព្យាបាលជូនលោកពូ៕
ដោយ ៖ សិលា