ស្វែងយល់ អំពី រលាកច្រមុះរ៉ាំរ៉ៃ បង្ក ជាការរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ រលាកច្រមុះរ៉ាំរ៉ៃ បង្ក ជាការរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃលោកអ្នក (Rhinites Chroniques)!

ក) អ្វីជាជំងឺរលាកច្រមុះរ៉ាំរ៉ៃ?

ការរលាកច្រមុះ ជាជំងឺជួបប្រទះញឹកញាប់ ដែលអាច ជាការហើមប៉ោងភ្នាសក្នុងរន្ធច្រមុះ ។ ប៉ុន្តែលើសពីរោគសញ្ញាដែលធ្វើទុក្ខគាត់ជាប្រចាំនេះ ជួនកាលយើងឃើញមានការវិវត្តន៍ទៅជារ៉ាំរ៉ៃ ឬលាប់សារចុះសារឡើង។ ជាផលវិបាកជំងឺនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងជាបញ្ហាសុខភាពសារធារណៈ។

ខ) មានសញ្ញាមួយចំនួនចំពោះជំងឺរលាកច្រមុះរ៉ាំរ៉ៃ៖

១. ជំងឺរលាកច្រមុះមានរោគសញ្ញាច្រើនដូចជា៖

   – តឹងច្រមុះ ហៀរសំបោរ កណ្តាស់ រមាស់ច្រមុះជាដើម

   – តឹងច្រមុះ អាចតឹងម្ខាង សង្ខាង ឬឆ្លាស់គ្នា

ការតឹងច្រមុះនេះមាននៅពេលគេង ហើយអាចមានភាពខុសគ្នាពីម្នាក់ទៅម្នាក់ ជួនកាលរំខាននៅពេលព្រឹក ជួនកាលនៅពេលសម្រាកដែលធ្វើឲ្យអ្នកជំងឺមិនអាចគេងបាន។ ហើយវាក៏អាចស្តែងចេញជាសញ្ញាផ្សេងទៀតរួមមាន ហ៊ឹងត្រចៀក គេងស្រម៉ុក ស្ងួតមាត់ ក្អកស្ងួត ឈឺបំពង់ក រលាកបំពងខ្យល់ និងរលាកទងសួតញឹកញាប់។ អ្នកជំងឺអាចកណ្តាស់ជាប់ៗគ្នាជាខ្សែ ឬទៅតាមពេល ជួនកាលហូរសំបោរធ្លាក់ទៅក្រោយ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ទើសៗនៅគល់បំពង់ក មានភាពក្តៅក្រហាយ ឬរមាស់នៅបំពង់ក។

២. សញ្ញារួមផ្សំ៖

ជួនកាលអ្នកជំងឺមានឈឺក្បាល ឬមានអារម្មណ៍រំខានដល់ការដកដង្ហើម ដែលបញ្ជាក់ថាការដកដង្ហើមតាមច្រមុះមិនគ្រប់គ្រាន់។ អាការៈរមាស់ច្រមុះ ភ្នែក រន្ធត្រចៀក តែងតែជួបប្រទះជាញឹកញាប់ ជាពិសេសក្នុងករណី អាលលែហ្ស៊ីច្រមុះទៅតាមរដូវកាល។ ជួនកាលអ្នកជំងឺអាចបាត់ក្លិន នៅពេលដកដង្ហើមចូល ឬអាចបាត់បង់ការដឹងរសជាតិអាហារផងដែរ។ លើសពីនេះអ្នកជំងឺអាចមានបញ្ហាដល់ទងសួត ដូចជា ក្អក ហត់ពេលប្រឹងដកដង្ហើម ឬដកដង្ហើមលឺសូរសំលេងពេលល្ងាច តឹងទ្រូងជាដើម។ 

គ) មូលហេតុជំងឺរលាកច្រមុះ៖

រោគសញ្ញា និងសភាពក្នុងច្រមុះពុំមានលក្ខណៈពិសេសណាមួយដែលអាចឲ្យយើងកត់សំគាល់ពីមូលហេតុ របស់ជំងឺរលាកច្រមុះរ៉ាំរ៉ៃឡើយ។ រលាកច្រមុះរ៉ាំរ៉ៃមានមូលហេតុច្រើនណាស់ ក្នុងនោះអាលែហ្ស៊ី គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត។ មូយចំណែកធំទៀតរលាកច្រមុះរ៉ាំរ៉ៃមិនមែនមូលហេតុអាលែហ្ស៉ី ហើយប្រហែល៣០%នៃការរលាកច្រមុះរ៉ាំរ៉ៃក៏អាចបណ្តាលមកពីមូលហេតុទាំងពីររួមគ្នា។

ក្នុងចំណោមរលាកច្រមុះរ៉ាំរ៉ៃមិនមែនអាលែហ្ស៉ី អាចមានមូលហេតុដូចជា៖

១. មកពីកត្តាខាងក្រៅដូចជា៖

   – ការប្រើប្រាស់ថ្នាំលើសឈាម ថ្នាំបំបាត់តឹងច្រមុះជាដើម

   – បណ្តាលមកពីមុខរបរ

   – រលាកបណ្តាលមកពីចំណីអាហារ ញ៉ាំស្រា

   – រលាកច្រមុះបណ្តាលមកពីបរិស្ថានជុំវិញ

២. មកពីកត្តាខាងក្នុងដូចជា៖

   – ការប្រែប្រួលនៃអ័រម៉ូន ដូចជានៅពេលពរពោះ ឫ Hypothyroïdie ជាដើម

   – រលាកច្រមុះរ៉ាំរ៉ៃបណ្តាលមកពីវ័យជរា

   – រលាកច្រមុះបណ្តាលមកពីសាច់ច្រមុះរួមស្វិត (Rhinites Atrophiques)

   – រលាកច្រមុះដោយសារប្រព័ន្ធសរសៃប្រសាទក្នុងច្រមុះ (Rhinite vaso motrice) 

ឃ) ការព្យាបាល៖

   – ក្នុងករណីរលាកច្រមុះរ៉ាំរ៉ៃដោយអាលលែ ហ្ស៊ី ការប្រើថ្នាំបាញ់ច្រមុះ (Corticoïdes Locaux) អាចមានប្រសិទ្ធិភាពខ្ពស់ ។

   – ភាគច្រើននៃករណីការរលាកច្រមុះអាចព្យាបាលដោយថ្នាំមានប្រសិទ្ធភាព។

   – ករណីការរលាកច្រមុះរ៉ាំរ៉ៃខ្លះបណ្តាលមកពីភាពមិនធម្មតានៅក្នុងច្រមុះ យើងអាចធ្វើការវះកាត់ ដើម្បីកែសម្រួលមុខងារច្រមុះអោយមានសភាពធម្មតាវិញ។

ង) វិធីបង្ការ៖

   – លាងសម្អាតដៃយើងអោយបានញឹកញាប់ អាចជួយទប់ស្កាត់ ការឆ្លងរោគជាច្រើន

  – សំអាតផ្ទះសម្បែង និងឲ្យមានពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់

   – ស្នាក់នៅក្នុងផ្ទះ នៅពេលដែលមានធូលីហុយខ្លាំង ឬមានលំអងផ្កាច្រើន

   – ពាក់របាំងការពារ (ម៉ាស់) ការពារធូលីចូលច្រមុះ និងមាត់

   – ហាត់ប្រាណអោយបានទៀងទាត់ជាប្រចាំ និងងូតទឹកសម្អាតខ្លួនអោយបានស្អាតបន្ទាប់ពីមកពីខាងក្រៅ

   – សម្អាតសត្វចិញ្ចឹមរបស់អ្នកជាប្រចាំ

   – បន្ទប់គេង ត្រូវរើកម្រាលព្រំ បោសសំអាត និងបោកគក់ជាប្រចាំ

   – ប្រុងប្រយ័ត្នចំពោះចំណីអាហារ ឬសំភារៈដែលងាយធ្វើឲ្យអាលែហ្ស៊ី។

“ការធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ គឺជាការចាំបាច់ដើម្បីកាត់បន្ថយការចំណាយពេលវេលា ថវិការ និងធ្វើឲ្យគុណភាពនៃការព្យាបាលកាន់តែមានប្រសិទ្ធភាព។ សូមអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះជាមួយគ្រូពេទ្យឯកទេសយើងខ្ញុំ នៃមន្ទីរពេទ្យកាលម៉ែត” បើបងប្អូនមានបញ្ហាឬចម្ងល់ផ្សេងៗ ទាក់ទងនឹងត្រចៀក ច្រមុះ និងបំពង់ ក ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print