ភ្នំពេញ ៖ ចុងសប្តាហ៍ ! ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានផ្តល់ជាគំនិត ប្រកបដោយការវាយតម្លៃពី ទិដ្ឋភាពបច្ចុប្បន្នលើពិភពលោក !
លោក ហ៊ុយ វណ្ណៈ សំណេរថា ៖ ពិភពលោកថ្ងៃអាទិត្យ!
គ្មានពេលវេលាណាដែលពិភពលោក មានអ្វីៗគ្រប់យ៉ាងដ៏ទំនើបនិងសំបូរបែប ដូចសម័យកាលសតវត្សរ៍ទី២១របស់យើងនេះទេ ហើយពិភពលោកបច្ចុប្បន្ន មានមូលធនសំខាន់៣យ៉ាង៖
ទី១. ធនធានមនុស្ស ។
ទី២. ធនធានធម្មជាតិ ។
និងទី៣. បច្ចេកវិទ្យា។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបន្តថា ៖ ពីអតីតកាល ពិភពលោកសំបូរធនធានធម្មជាតិ ប៉ុន្តែមិនសូវសំបូរធនធានមនុស្ស ខណៈឥឡូវនេះ សំបូរទាំងធនធានមនុស្ស ហើយបច្ចេកវិទ្យាបានឈានដល់កម្រិតខ្ពស់ ដែលមនុស្សអាចចុះទៅបាតសមុទ្រ ឬឡើងទៅអវកាស និងអាចទាក់ទងភ្ជាប់ក្នុងពិភពលោកជាមួយគ្នាគ្រប់ទិសទីត្រឹម១វិនាទី តាមរយៈសំណាញ់អុីនធឺណិត។ នេះគឺពិតជាជឿនលឿនសម្បើមណាស់! ប៉ុន្តែជាអកុស ពិភពលោកនឹងមិនចប់បញ្ហាទេ ដោយសារតែ ទាំងក្នុងរបៀបរស់នៅ ទាំងនៅក្នុងវិស័យពាណិជ្ជកម្ម និងនយោបាយគឺ «មនុស្សជ្រើសយកកិច្ចសហការជាមួយគ្នាផង, តស៊ូជាមួយគ្នាផង, ប្រជែងគ្នាផង, និងច្បាំងគ្នាផងឥតឈប់ឈរ ដើម្បីដណ្តើមយកប្រៀបខាងផលប្រយោជន៍ និងឥទ្ធិពលត្រួតត្រាពិភពលោក។ គ្មានមនោគមន៍ណាល្អជាងមនោគមន៍ណាមួយទេ គ្រាន់ថាមួយធូរជាង ឬមួយតឹងជាង ហើយមិនថាប្រព័ន្ធសេរី ប្រព័ន្ធការិយាធិបតេយ្យ ប្រព័ន្ធសង្គមនិយម ឬកុម្មុយនីស្ត មនុស្សត្រូវបានគៀងគរអូសទាញ ឬជំរុញឱ្យជ្រើសរើសរវាងឆ្វេង ឬស្តាំជានិច្ច។ កន្លងមកនិងតទៅអនាគត ទោះបីមនុស្សរួមគ្នាបង្កើតបទដ្ឋាននិងច្បាប់អន្តរជាតិ ប៉ុន្តែមនុស្សនៅតែអនុវត្តច្បាប់ធម្មជាតិគឺ «អ្នកខ្លាំងឈ្នះ» ហើយត្រីធំបន្តស៊ីត្រីតូច…? ។ លោកថា ៖ សូមថែរក្សាសុខភាពរបស់លោកអ្នក និងថែរក្សាសន្តិភាពនៅក្នុងប្រទេសអ្នក ដើម្បីអ្នកនៅមានពេលវេលាបន្តមើលពិភពមនុស្ស នៅក្នុងដំណើរសិល្បៈនៃជីវិតពិតផងសម្តែងផង ម្តងឡប់ម្តងជា ម្តងស្លូតម្តងកាចផង សើចផងយំផង ចេះផងនិងល្ងង់ផង… ៕