សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងកាលពីថ្ងៃសោរ៍សប្តាហ៍នេះថា តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយឥទ្ធិពលព្យុះ Yagi បានបន្តកើនដល់៣៨៤នាក់ និង៨៩នាក់បាត់ខ្លួន។
អ្នកនាំពាក្យរបបសឹកបាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ ទី២១ ខែកញ្ញា នៅមីយ៉ាន់ម៉ា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារទឹកជំនន់ គឺ៣៨៤នាក់ រីឯបាត់ខ្លួនចំនួន៨៩នាក់។ គ្រោះទឹកជំនន់នេះ ជាការបន្ថែមទុក្ខវេទនាមកលើប្រទេស ដែលមនុស្សប្រមាណរាប់លាននាក់ បានព្រាត់ប្រាសពីផ្ទះសម្បែងរួចស្រេចទៅហើយ ដោយសារតែជម្លោះរយៈពេលជាង៣ឆ្នាំ ដែលផ្តើមចេញពី ការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១។
អង្គការសហប្រជាជាតិ បានព្រមានថា ប្រជាជនអាចដល់៨៨៧,០០០នាក់ ប្រហែលជាបានទទួលរងផលប៉ះពាល់ នៅមីយ៉ាន់ម៉ា ដោយសារឥទ្ធិពលព្យុះ Yagi។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើការអំពាវនាវយ៉ាងកម្រមួយ ដោយស្វែងរកការផ្តល់ជំនួយពីបរទេស ដើម្បីយកទៅជួយជនរងគ្រោះ។
ព្យុះ Yagi បានវាយប្រហារលើ តំបន់ភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពី២សប្ដាហ៍មុន ដោយបង្កឱ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដីដ៏អាក្រក់ ដែលបានផ្ដាច់ជីវិតមនុស្សសរុបលើស៧០០នាក់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះវៀតណាមនិងមីយ៉ាន់ម៉ា មានចំនួនអ្នកស្លាប់ច្រើនជាងគេ៕
រូបថត: AFP