ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកំរិត បានដុតផ្ទះរបស់ឪពុកខ្លួនឯង បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន ។ ករណីនេះ បានកើតឡើង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ១៧ និង៣០នាទី ចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ទូច យី ស្ថិតក្នុងភូមិ ព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច យី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។(ត្រូវជាឪពុកបង្កើត) ។ចំណែកជនសង្ស័យឈ្មោះ យី យុទ្ធី ហៅពៀច ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។(ត្រូវជាកូនបង្កើត)។មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)។
ប្រភពដដែលបន្តថា កន្លងមក ជនសង្ស័យជាមនុស្សប្រេីប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែរករឿងជនរងគ្រោះ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅផ្ទះ និងគំរាមដុតផ្ទះជាញឹកញាប់។ លុះមកដល់ថ្ងៃ/ខែ/ឆ្នាំ វេលាម៉ោងកេីតហេតុខាងលេី ជនសង្ស័យបានធ្វើសកម្មភាពដុតសំលៀកបំពាក់ក្នុងផ្ទះ បណ្តាលអោយឆេះផ្ទះ ហើយត្រូវបានប្រជាពលរដ្ឋជិតខាងជួយពន្លត់ទាន់ ។ ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបានជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបឲ្យជួយអន្តរាគមន៍ឃាត់ខ្លួន។
ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប ធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដុតសំលៀកបំពាក់បណ្តាលឲ្យឆេះផ្ទះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕